អភិបាលខេត្តពោធិ៍សាត់ ចុះបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនកុមារ អាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅសាលាបឋម សិក្សាពោធិ៍សាត់ និងបឋមសិក្សាព្រៃញី

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្ត នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើក យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ រហូតដល់១២ឆ្នាំ ដែលពិធីនេះត្រូវបានធ្វើឡើង នៅក្នុងបរិវេណសាលាបឋម សិក្សាពោធិ៍សាត់ និងសាលាបឋម សិក្សាព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចាក់វ៉ាក់សាំង ដូសទី១ សម្រាប់កុមារនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារដែល មានអាយុចាប់ពី ៦ឆ្នាំ រហូតដល់១២ឆ្នាំ ក្នុងគោលបំណងជំរុញ ឱ្យមានការបើកសាលា បឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារ ដែលមានអាយុ១២ឆ្នាំ រហូតដល់១៨ឆ្នាំ បាននឹងកំពុងតែបន្ត ចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ ការបើកសាលាឱ្យដំណើរការ ទូទាំងប្រទេស។

ឯកឧត្តម បានបន្ថែមថា បើទោះបីជា សិស្សានុសិស្ស ឬកុមារតូចៗ ដែលបានទទួល ការចាក់វ៉ាក់សាំង នឹងត្រូវបាន ចូលរៀននៅសាលាសារជាថ្មីក្តី ក៏ក្មួយៗត្រូវតែមានការ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ដោយមុននឹងចូល សាលាត្រូវពាក់ម៉ាស បាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងមេរោគដ៏កាចសាហាវនេះ។

ប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស បានសម្តែងងនូវ សេចក្តីត្រេកអរឥត ឧបមា ដោយបានឃើញ កូនចៅជាទីស្រឡាញ់ របស់ពួកគាត់ បានទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ហើយពួកគាត់បានគោរព ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបាន ខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមក ចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។

ជាមួយគ្នានោះ ពួកគាត់បាន សប្បាយចិត្តជាខ្លាំង ខណៈពេលដែលកូនៗចៅៗ របស់ពួកគាត់ បានចូលរៀនសារឡើងវិញ បន្ទាប់ពីបិទសាលាមួយរយៈកន្លងមក និងសង្ឃឹមថាមេរោគ ដ៏សាហាវនេះ ឆាប់រលាយសូន្យ នាពេលខាងមុខ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអំណោយ ពីសប្បុរសជន ដែលបានឧបត្ថម្ភអង្ករ ចំនួន២តោន សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *