ក្នុងអន្តរកាលកូវីត១៩ ប្រជាពលរដ្ឋខ្វះខាតនៅក្រុងប៉ោយប៉ែតទទួលអំណោយពីសប្បុរសធម៌ និងអាជ្ញាធរជាង៧០០០គ្រួសារ


បន្ទាយមានជ័យ៖ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ជំងឺកូវីត រីករាលនៅទូទាំងសកលលោក ជាពិសេសចាប់តាំងពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានភាគីថៃបិទ ប្រជាពលរដ្ឋដែលរស់នៅតាមជាយដែននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតមានជីវភាពខ្វះខាតច្រើន ហើយអាជ្ញាធរ ព្រះសង្ឃ និងសប្បុរសជន បានជួយជា អង្ករ សម្ភារ និងថវិកា គ្រឿងឧបភោគបរិភោគជាង៧០០០គ្រួសារមកហើយ។ លោកបញ្ជាក់ថា ចំនួនជាង៧០០០នាក់នេះ នៅមិនទាន់អស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឡើយទេ ដោយសារតែប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតមានចំនួន៨៥ភាគរយ ដែលពឹងផ្អែកលើប្រាក់ចំណូលបានមកពីការបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ដើម្បីដោះស្រាយសម្រាលបន្ទុកជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ អាជ្ញាធរ គ្រប់ជាន់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យបាន ផ្តល់ប្រាក់កម្ចី រួមទាំងចែកគ្រាប់ពូជបន្លែ ដំណាំផ្សេងៗ លើកទឹកចិត្តជំរុញឲ្យប្រជាពលរដ្ឋដែលមានដីសំរាប់ដាំដុះ ដើម្បីកាត់បន្ថយការចំណាកស្រុក និងបានជួយសម្រាលការលំបាកដល់ពលរដ្ឋនាសម័យកូវីតផងដែរ។
លោកគាត ហ៊ុល បានថ្លែងបែបនេះ ខណៈអញ្ញើញជាគណធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅរសៀលថ្ងៃ២៣ ខែមិថុនាឆ្នាំ២០២០ ក្នុងបរិវេណវត្តអណ្តូងថ្មមាស ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជាអំណោយរបស់សប្បុរសជនជនជាតិឥណ្ឌូនេស៊ីដែលជាអាជីករនៅក្នុងក្រុងប៉ោយប៉ែត តាមរយៈអាជ្ញាធរ និងព្រះសង្ឃ គង់នៅវត្តអណ្តូងថ្មមាសផងដែរ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *