អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំណោយដ៍ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដំណើរការសាងសង់បានជាង ៩០% នៃគម្រោងសាងសង់
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំង ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនេះ បានបញ្ចុះបឋមសីលា និងដំណើរការសាងសង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិតនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ បើគិតមកដល់ពេលនេះ មានរយៈពេល១១៩ថ្ងៃរួចមកហើយ ហើយលទ្ធផលនៃការសាងសង់ បានប្រមាណជាង ៩០% នៃគម្រោងផែនការនៃការសាងសង់រួចហើយ ។ អគារនេះ អាចនឹងបញ្ចប់ដំណើរការសាងសង់នៅពាក់កណ្ដាលខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ក្រុមជាងសំណង់ ក្នុងការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព និងលឿនរហ័ស ដោយអាចបញ្ចប់ការសាងសង់មុនផែនការកំណត់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អាគារធ្វើការងារសម្រាប់គណៈកម្មាធិការសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលបានយកចិត្តទុកដាក់ដឹកនាំបញ្ជាដោយផ្ទាល់ក្នុងការរៀបចំសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដើម្បីនិរន្តរភាពការងារ ក្នុងការបម្រើការជូនបងប្អូនអតីតយុទ្ធជន និវត្តន៍ជននៅទូទាំងខេត្តកំពង់ធំឲ្យកាន់តែល្អប្រសើរ ឡើងថែមទៀត៕ដោយសំនៀង


Post a Comment