អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ប្រគល់ភារកិច្ចជូនកងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងពេលដែលទឹកស្ទឹងសែនឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្ន ! - PMC-News

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ប្រគល់ភារកិច្ចជូនកងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងពេលដែលទឹកស្ទឹងសែនឡើងខ្ពស់ជិតដល់កម្រិតប្រកាសអាសន្ន !

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជានិងថៃ  និងបញ្ហាដែលកើតមានឡើងថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ដែលពេលនេះវីរ:កងទ័ពកម្ពុជា  កំពុងឈរជើងយ៉ាងរឹងមាំក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង  ។ ជាមួយ​នេះ​ដែរ​ កម្ពុជា​បាន​សម្រេច​យកតំបន់​ទាំង​បួន​ រួមមាន​ប្រាសាទ​តាមាន់តូច​ ប្រាសាទ​តាមាន់ធំ​ ប្រាសាទ​តាក្របី​ និង​តំបន់​មុំបី​ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ អាយសុីជេ​ ដេីម្បី​បញ្ចប់​ទំនាស់ជាមួយភាគីថៃ​ ព្រមទាំង​បាន​ផ្សព្វផ្សាយ​អនុសាសន៍​ ចំនួន​ ៦​ ចំណុច​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ផងដែរ​ ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយពីលទ្ធផលសំខាន់ៗ ក្នុងភារកិច្ចការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ។ ការគ្រប់គ្រងការពារព្រៃឈើ ការការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ។ ការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប  ដែលមកដល់ពេលនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងចម្រុះការពារទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ទីមួយ ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ នឹងមានកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ។ ទីពីរ ត្រូវត្រៀមបម្រុងកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ដោយពេលនេះទឹកស្ទឹងសែនបានហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន ហើយ ។  និងទីបី ចូលរួមជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងសកម្មភាពនានាជួយដល់សង្គមជាតិ បម្រើប្រជាជន និងបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែនធីវី






Theme images by Radius Images. Powered by Blogger.