គិតត្រឹមឆ្នាំ២០២៥នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមាសភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនសរុប ៤.២១៣ រូប ក្នុងនោះរួមមាន ក្រុមប្រឹក្សារាជធានី ខេត្ត សរុបមានចំនួន ៥៥៩ រូប មានស្រ្តីចំនួន៩៦ រូប ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ សរុបមានចំនួន៣.៦៥៤ រូប ស្រី្តចំនួន៧០២រូប និងក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនសរុប ១១.៦២២ រូប ស្រី្ត២.៥៦៨ រូប។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ដដែល សម្រាប់ ចំនួនស្ដ្រីកាន់មុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិវិញ នៅរាជធានី ខេត្ត មាន៥៨៣ រូប ស្មើនឹង២៧,៤៦% ស្រ្តីកាន់មុខតំណែងក្រុង ស្រុក ខណ្ឌ មានចំនួន១.៦៦៩ រូប ស្មើនឹង២៣,៣១% និងស្ដ្រីកាន់តំណែងនៅឃុំ សង្កាត់មានចំនួន២.៥៦២ រូប ស្មើនឹង១៦,២០%។ នេះបើតាមរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ គណៈអភិបាលរាជធានី ខេត្ត មានចំនួនសរុប ២៧៥ រូប ក្នុងនោះស្ដ្រីមាន៣៣ រូប ស្មើនឹង១២%។ លម្អិតជាងនេះ គឺអភិបាលរាជធានី ខេត្ត មានស្រ្តី២ រូប អភិបាលរងរាជធានី ខេត្ត មានស្រ្តី៣១ រូប ។ អភិបាលក្រុង ស្រុក ខណ្ឌ មានស្រ្តី ៧ រូប និងអភិបាលរងក្រុង ស្រុក ខណ្ឌ មានស្រ្តី២៤៨ រូប។
លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ថា ចំនួនស្រ្តីក្នុងមុខតំណែងក្រុមប្រឹក្សា និងគណៈអភិបាល ដូចបានបញ្ជាក់មកនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមរបស់ស្រ្តីក្នុងកិច្ចការបម្រើជាតិ និងប្រជាជន នៅគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងក្រុមប្រឹក្សា និងគណៈអភិបាល រហូតដល់រដ្ឋបាលឃុំ សង្កាត់។ ទោះបែបនេះក្ដី លោកបណ្ឌិត បញ្ជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ នៅលើកទឹកចិត្ត និងបង្កលក្ខណៈដើម្បីបង្កើនចំនួនស្រ្តីក្នុងមុខតំណែងទាំងថ្នាក់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា ដើម្បីបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ៤ចំណុចធំៗរួមមាន ទី១. ការពិនិត្យ ការរៀបចំ និងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ និងលើកទឹកចិត្តក្នុងការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២. ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទី៣. ការបង្កើនបរិយាកាស មេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទី ភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រ ទី៤.ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Post a Comment