កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ...
បន្ទាយមានជ័យ៖: នៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សោម សុផល ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាកយ៉ាម៉ាហាជីធី ពណ៌ខ្មៅ កាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩ និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះសេង ប៊ុនធៀង ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះយ៉េន ភារ៉ា (ចាន់រ៉ា)ភេទប្រុស អាយុ២៩ឆ្នាំ,៣-ឈ្មោះ ទិន ចន្ទ្រា(ថា) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ១.កូនសោរម៉ូតូចម្លង ចំនួន០១ដើម, ២.ម៉ូតូម៉ាកYAMAHA ពណ៌ខ្មៅ ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសួរនាំតាមនីតីវិធី ព្រមទាំងធ្វើតេស្តទឹកនោម ជាលទ្ធផលវិជ្ជមាន(+)ទាំង០៣នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
Post a Comment