អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្រ្តីក្រសួងទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជាមូលដ្ឋានដំបូង ក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ - PMC-News

មន្រ្តីក្រសួងទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ជាមូលដ្ឋានដំបូង ក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ

ប៉ៃលិន៖ លោក ហោ សារុរដ្ឋលេខាធិការ ក្រសួងទេសចរបានលើកឡើងថា៖ ការធ្វើបដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព គឺជាមូលដ្ឋានដំបូង ដ៏សំខាន់មួយ ក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្ត របស់អ្នកទេសចរណ៍ ដែលមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ការលើកឡើងបែបនេះ ធ្វើឡើងនៅស្នាក់ការច្រកទ្វារអន្តរជាតិព្រំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅតំបន់ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ នៅតាមខេត្តជាប់ព្រំដែន។

កិច្ចពិភាក្សានេះ ដឹកនាំប្រជុំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស និងលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ហេីយក៍មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរក្រសួងទេសចរណ៍ លោក ប៉ិច ប៊ិន ប្រធានស្នាក់ការច្រកទ្វារព្រំដែន អន្តរជាតិព្រំខេត្តប៉ៃលិន ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានសា្នក់ការគយ និងរដ្ឋករច្រកអន្តរជាតិព្រំ នាយប៉ុស្ត៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា៖ នេះជាចំណែកមួយ ក្នុងការចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេស ទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំគោលនយោបាយ ដើម្បីធានាបាននិរន្តរភាពទេសចរណ៍។ ដើម្បីឲ្យគោលដៅនេះទទួលបានជោគជ័យ មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ឋ នៅក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមន្រ្តីជួរមុខ ជាអ្នកដែលទទួលជួបភ្ញៀវទេសចរណ៍មុនគេ ត្រូវធ្វើបដិសណ្ឋារកិច្ចភ្ញៀវអោយបានល្អ នៅពេលភ្ញៀវមានការពេញចិត្ត ចំពោះសេវា និងការរាក់ទាក់ ពួកគាត់និងធ្វើការផ្សព្វផ្សាយ ឱ្យគ្រួសារបងប្អូនគាត់ មកកម្សាន្តនៅកម្ពុជាផងដែរ។ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនបានបង្ហាញ ការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តប៉ៃលិន ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈរដ្ឋបាលខេត្ត មានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ប៉ុន្ដែតម្រូវឲ្យមន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករ ចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។ លោក ប៉ិច ប៊ិន ប្រធានស្នាក់ការច្រកទ្វារព្រំដែន អន្តរជាតិព្រំខេត្តប៉ៃលិន បានឲ្យដឹងថា៖ស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ដែលមានទីតាំងស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចន្លោះបង្គោលសីមាលេខ ៦៣ ទល់មុខច្រកអន្តរជាតិ បានផាកាត ភូមិខ្នងយ៉ៃ ឃុំខ្នងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបូរី នៃព្រះរាជាណាចក្រថៃ។ ច្រកនេះចាប់បើកដំណើរការពីម៉ោង ៦និង០០នាទីព្រឹក ដល់ម៉ោង១០និង០០នាទី យប់ ហើយមន្ត្រីប្រចាំច្រកទ្វារទាំងសងខាងតែងតែផ្ដល់កិច្ចសហការល្អផងដែរក្នុងការសម្រួលដល់ការធ្វើដំណើរនិងការធ្វើចរាចរណ៍ទំនិញទៅវិញ ទៅមក។ គួរបញ្ជាក់ថា៖ ក្រោយកិច្ចប្រជុំពិភាក្សាការងាររួចមក គណៈប្រតិភូរ និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះពិនិត្យមើលកន្លែងផ្តល់សេវា នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ព្រមទាំងបន្តដំណើរចូលទៅក្នុងប្រទេសថៃ តំបន់ព្រំដែនក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីស្វែងយលពីការរស់នៅ និងធ្វើដំណើរ ចូលមកប្រទេសកម្ពុជា តាម ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជាផងដែរ។ដោយ លោកស សារឿន អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.