អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥នេះ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ ៦ចំណុច ក្នុងការចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិត - PMC-News

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥នេះ សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍ ៦ចំណុច ក្នុងការចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិត

 ខេត្តប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ” ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។




លោកស្រី ពៅ សុខ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានជម្រាបជូនពីគោលបំណងទិវានាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ទាំង៦ចំណុច ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត

លើសពីនេះ អប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់គាំពារ សុខភាពស្រ្តីជាមាតា និងកុមារ រួមទាំងការទប់ស្កាត់ ការចម្លងមេរោគអេដស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗទៀតពីម្តាយទៅកូន និងសូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លងមេរោគ ពីម្តាយទៅកូន។

ជាងនេះ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ។ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបបរខាប់គ្រប់គ្រឿងដល់កុមារ។ សូមយុវតី-ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។អត្ថបទ ដោយលោក ÷ស សារឿនអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី



Theme images by Radius Images. Powered by Blogger.