អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! យើងជាពលរដ្ឋ គួរតែដឹងពីតួនាទី ភាកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ! - PMC-News

យើងជាពលរដ្ឋ គួរតែដឹងពីតួនាទី ភាកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ!

យោងតាមអនុក្រឹត្យស្ដីពី ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយបណ្តឹងទាំងនោះ ព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ការិយាល័យប្រជាពលរដ្ឋមានពីរផ្នែកសំខាន់ៗ ១.ផ្នែកទទួលពាក្យបណ្ដឹងនិងកិច្ចការរដ្ឋបាល និង២.ផ្នែកច្បាប់និងស៊ើបអង្កេត។


បើតាមអនុក្រឹត្យដដែល លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ មានតួនាទី ភារកិច្ច ជាអាទិ៍មាន ១.ប្រមូលនិងទទួលពាក្យបណ្ដឹងនានា  ២.សម្រាំងនិងវាយតម្លៃពាក្យបណ្ដឹងដែលទទួលបាន  ៣.បញ្ជូនពាក្យបណ្តឹងទាំងឡាយណាដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ៤.ចាត់វិធានការស៊ើបអង្កេតបណ្តឹងរដ្ឋបាល លើកអនុសាសន៍អំពីវិធានការដោះស្រាយបណ្ដឹង និង តាមដានការអនុវត្ត ៥.ផ្តល់ព័ត៌មានត្រឡប់ដល់ប្រជាពលរដ្ឋអំពីលទ្ធផលនៃការដោះស្រាយបណ្តឹង និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៦.រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធទៅនឹងដំណើរការទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹង ៧.រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ៨. រាយការណ៍ជាប្រចាំអំពីលទ្ធផលនៃការអនុវត្តការងារ និងការដោះស្រាយបណ្តឹង។ ផ្អែកតាមអនុក្រឹត្យដដែល អ្នកនាំពាក្យបានបន្តថា ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ  ក៏មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ ទៅលើបណ្តឹងរដ្ឋបាលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ក៏មានសិទ្ធិអំណាចមួយចំនួនដូចជា ប្រើប្រាស់បុគ្គលិក ថវិកា សម្ភារៈ និងមធ្យោបាយនានារបស់អង្គភាពខ្លួន ស៊ើបអង្កេតបណ្ដឹងដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងលើកអនុសាសន៍ អំពីវិធានការដោះស្រាយ ស្នើសុំកិច្ចសហការ ពិនិត្យមើលឯកសារ និងវត្ថុតាងផ្សេងៗដែលពាក់ព័ន្ធនឹងបណ្ដឹង។ រាយការណ៍ជូនអភិបាលរាជធានី ខេត្តអំពីការមិនសហការ ក្នុងករណីដែលអភិបាលរាជធានី ខេត្ត មិនបានចាត់វិធានការដោះស្រាយឱ្យបានសមស្រប ប្រធានការិយាល័យប្រជាពលរដ្ឋអាចរាយការណ៍ជូនប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីដោះស្រាយ និងអាចរាយការណ៍ជូនក្រសួងមហាផ្ទៃ ។ ក្នុងនោះដែរ ការិយាល័យក្រុង ស្រុក ខណ្ឌ ក៏ពុំមានសិទ្ធិចេញសេចក្តីសម្រេច ដើម្បីចាត់វិធានការដោះស្រាយ ឬ ដាក់ទណ្ឌកម្មឡើយ ។ យោងតាមឯកសាររបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខេត្ត និងខណ្ឌនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃគិតត្រឹមខែមករា ឆ្នាំ២០២៤ រាជធានី ខេត្តមានចំនួន សរុប ២៥  ចែកជា ២០៩ក្រុង ស្រុក ខណ្ឌ និងសុទ្ធតែមានការិយាល័យប្រជាពលរដ្ឋ៕ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ




Theme images by Radius Images. Powered by Blogger.