ហ្វូងដំរីព្រៃបង្ហាញខ្លួនឆ្នាំនេះ មានចរិតកាចសាហាវជាងរៀងដង ព្រោះព្យាយាមការពារមិត្តរបស់វាមួយក្បាល…?

មណ្ឌលគិរី៖ នៅរដូវប្រាំងឆ្នាំនេះហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនជាច្រើនហ្វូងដូចបណ្ដាឆ្នាំកន្លងទៅ ដែលនេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ប៉ុន្តែចំពោះការបង្ហាញខ្លួនរបស់ដំរីព្រៃមួយហ្វូងនៅស្រុកកែវសីមា ហាក់ខុសប្លែកពីឆ្នាំមុនៗ ក៏ព្រោះហ្វូងមួយនេះមានចរិតកាចសាហាវ រហូតរុំបោកស្ត្រីម្នាក់ឲ្យស្លាប់ ។

ករណីដែលហ្វូងដំរីព្រៃមានភាពកាចសាហាវ និងមិនធ្វើដំណើរទៅណាឆ្ងាយពីព្រៃក្បែរភូមិ ត្រូវបានអ្នកជំនាញសត្វព្រៃរកឃើញថា ពួកវាកំពុងព្យាយាមការពារមិត្តរបស់វាមួយក្បាល ដែលមានជំងឺឈឺហើមជើងដើរចូលព្រៃវិញមិនរួច ហើយជាទម្លាប់របស់ហ្វូងសត្វដំរីព្រៃ ពួកវាមិនទៅណាចោលសមាជិកណាម្នាក់ឡើយ ហើយក្នុងស្ថានភាពមានសត្វសាហាវ ឬមនុស្សចូលទៅក្បែរមិត្តរបស់វាកំពុងឈឺ វានឹងវាយប្រហារភ្លាម ចាត់ទុកជាសត្រូវ ។

ថ្មីៗនេះនៅអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ត្រីម្នាក់ដែលចូលទៅរកទំពាំងឬស្សីក្នុងព្រៃ ត្រូវដំរីមួយក្បាលរុំបោកស្លាប់ភ្លាមៗ ត្រង់ចំណុចអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ក្រោយការស្លាប់របស់ស្ត្រីម្នាក់នេះ មន្ត្រីជំនាញរកឃើញថា ស្ត្រីរងគ្រោះបានចូលទៅតំបន់ដែលហ្វូងដំរីព្រៃកំពុងការពារមិត្តរបស់វាមួយក្បាល ដែលមានសភាពឈឺហើមជើងដើរចូលព្រៃជ្រៅវិញមិនរួច ហើយដំរីព្រៃគិតថាស្ត្រីរងគ្រោះជាសត្រូវរបស់ពួកវា ដែលចូលមកយាយីសមាជិកកំពុងឈឺ ។

នាយកដែនជម្រសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឲ្យដឹងថា មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល០១ក្បាល ឈឺជើងខាងឆ្វេងនៅក្នុងអូរប៉ាម  ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ក្រុមការងារបានយកចំណីដាក់នៅជិតៗវាផងដែរ ហើយបច្ចុប្បន្នសត្វដំរីមួយនេះ មានសុខភាពប្រសើរវិញបន្តិចហើយ ខណៈដែលហ្វូងរបស់វាមិនទៅណាឆ្ងាយពីដំរីឈ្មោលដែលឈឺជើងនេះទេ ។ ពួកវាមានភាពកាចសាហាវខុសធម្មតា ដូចជាកំពុងត្រៀមវាយប្រហាទៅលើសត្រូវ ដែលព្យាយាមចូលទៅជិតគ្នាវាអ៊ីចឹង ហើយជារឿយៗសត្វដំរីព្រៃតែងតែបង្ហាញវត្តមានជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនកាចសាហាវ មិនបានវាយប្រហារមកលើមនុស្សដូចឆ្នាំនេះឡើយ ។

លោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា ឲ្យដឹងដែរថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំ      មេភូមិ មេឃុំ ក្នុងការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្បែរតំបន់ដំរីឈឺ ត្រង់ចំណុចអូរប៉ាម បង្ការជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ ។

គួររម្លឹកដែរ នៅក្នុងរដូវប្រាំងឆ្នាំនេះ សត្វដំរីព្រៃជាច្រើនហ្វូងបានបង្ហាញវត្តមានក្បែរភូមិឋានអ្នកស្រុក ពួកវាបានស៊ីដំណាំផ្សេងៗ ភាគច្រើនពួកវាចេញមកស្រុកកែវសីមា ក្នុងភូមិអូរអាម និងក្រុងសែនមនោរម្យ ក្នុងភូមិពូតុំរ ។ ការបង្ហាញខ្លួនរបស់ពួកវាជាមួយការស៊ីដំណាំនានា ត្រូវបានមជ្ឈដ្ឋានខ្លះយល់ថា ពួកវាបង្កផលប៉ះពាលដល់មនុស្ស ហើយខ្លះទៀតក៏យល់ថា មនុស្សទេដែលទៅដណ្ដើមយកព្រៃរបស់ពួកវា ត្បិតខេត្តមណ្ឌលគិរីពីពេលមុន សុទ្ធសឹងគ្រប់ដណ្ដប់ដោយព្រៃក្រាស់ មានតំបន់ប្រជុំជនតិចតិច ដែលបងប្អូនជនជាតិដើមភាគតិចរស់នៅ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *