ពលរដ្ឋខេត្តប៉ៃលិនទទួលបានភាពសប្បាយរីករាយក្រោយរដ្ឋបាលខេត្តរៀបចំស្លាយគ្រប់ការប្រកួតស៊ីហ្គេម មាន៤ទីតាំងក្នុងខេត្តប៉ៃលិន ។

ប៉ៃលិន ៖ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនបានបង្ហាញពីមោទនភាព និងភាពសប្បាយរីករាយ ក្រោយរដ្ឋបាលខេត្តបានរៀបចំដាក់បញ្ចាំងស្លាយ ក្នុងរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដែលមានការផ្សាយផ្ទាល់រវាងកម្ពុជា និងហ្វីលីពីន។ កញ្ញា ជា លាងហេង ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបង្ហាញអារម្ភរំភើបសប្បាយរីករាយនៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងនោះដែរកញ្ញាក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានរៀបចំឱ្យមានការបញ្ចាំងស្លាយនាពេលនេះ ហើយក៏សំនូមពរដល់ប្រជាពលរដ្ឋរក្សាសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវទុកដាក់ ប្រមូលសំរាមឱ្យបានត្រឹមត្រូវ។ លោក ផល ឧត្តម មន្រ្តីរាជការម្នាក់ ដែលធ្វើក្នុងខេត្តប៉ៃលិន និងជាអ្នករស់នៅក្នុងខេត្តប៉ៃលិន បានថ្លែងអំណរគុណរដ្ឋបាលដែលបានរៀចចំបញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់នាពេលនេះ ថែមទាំងមានការឧបត្ភម្ភ នៅទឹកពិសារដោយឥតគិតថ្លៃផងដែរ។ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា៖ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានរៀបចំដាក់បញ្ចាំងស្លាយ ដើម្បីចាក់ផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះលើកទី៣២ ជូនបងប្អូនប្រជាពលរដ្ឋទស្សនា ។ លោកបានបន្តថា ៖រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសជូនសាធារណជនទាំងអស់ ដើម្បីបង្កើតនូវបរិយាកាសសប្បាយរីក រាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា អញ្ជើញទៅទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន រៀបចំការផ្សាយផ្ទាល់ ដែលមានទីតាំងក្នុងខេត្តប៉ៃលិនដូចខាងក្រោម ៖ទី១-នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ផ្សារប៉ាងរលឹម ភូមិប៉ាងរលីម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣-តំបន់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៤-តំបន់ផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សូមរម្លឹកថា ក្នុងការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ោង ៧យប់ថ្ងៃទី២ឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា បាននាំមុខហ្វីលីពីន នៅនាទី ២៦ ដោយកីឡាករ គី រីណា។ ប៉ុន្តែនៅម៉ោងបន្ថែម ក្នុងតង់ទី២ ហ្វីលីពីន រកបានមួយគ្រាប់វិញ ដោយកីឡាករ Carino នៅនាទី៩០+២។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួត ២លើកកន្លងមកនេះ កម្ពុជា ទទួលបាន ៤ពិន្ទុ ដោយនៅតែបន្តឈរលើកំពូលតារាង ក្នុងពូល A ក្រោយយកឈ្នះទីម័រខាងកើត ៤-០ កាលពីថ្ងៃទី២៩មេសា និងស្មើជាមួយហ្វីលីពីន នៅថ្ងៃទី២ឧសភានេះ។ ដោយឡែក ឥណ្ឌូនេស៊ី ទើបតែប្រកួតបាន ១ប្រកួត មាន ៣ពិន្ទុ ក្រោយឈ្នះហ្វីលីពីន។ រីឯមីយ៉ាន់មា មាន៣ពិន្ទុដែរ ក្រោយឈ្នះទីម័រខាងកើត ១-០ នៅថ្ងៃទី២ឧសភានេះ។ កម្ពុជា នៅសល់ ២ប្រកួតទៀត។ កម្ពុជា នឹងជួបមីយ៉ាន់ម៉ា នៅម៉ោង ៧យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកនៅម៉ោង ៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា នឹងជួបឥណ្ឌូនេស៊ី៕ ដោយ,សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *