មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងពល..!!!

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុន កងយោធពលខេមរភូមិន្ទ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ វរសេនីយ៍ទោ អ៊ិត ទិត្យណា នាយសេនាធិការរងកងពល ទទួលបន្ទុកការងារហ្វឹកហ្វឺនបានរាយការណ៍ជូនអធិបតីថា ក្នុងរយៈពេលកន្លងមក កងពលបានបញ្ចប់វគ្គហ្វឹកហ្វឺ១វគ្គ ដែលជាផែនការរបស់ក្រសួងការពារជាតិ ហើយនៅពេលនេះកងពលកំពុងបន្តដំណើរការវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែងចំនួន៣វគ្គ គឺនៅទីបញ្ជាការកងពល១វគ្គ វរសេនាតូចថ្មើរលេខ៥៣៣ចំនួន១វគ្គ និងនៅវរសេនាតូចលេខ៥៣៤ ចំនួន១វគ្គ។ ដោយឡែកនៅពេលនេះ កងពលបានបើកវគ្គហ្វឹកហ្វឺន១វគ្គទៀត  ដែលជាវគ្គចុងក្រោយក្នុងផែនការឆ្នាំ២០២២ គឺវគ្គហ្វឹកហ្វឺនប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ។ នៅក្នុងឳកាសនោះ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ណែនាំថា វគ្គនេះគឺជាវគ្គពិសេសមួយ ដូច្នេះសូមផ្តាំផ្ញើរគ្រូយោធាចារ្យ និងអ្នកគ្រប់គ្រងវគ្គ សូមគ្រប់គ្រងឲ្យតឹងរឹងបំផុត។ សិក្ខាកាមទាំងអស់ ដែលមានការពាក់ព័ន្ធក្នុងវគ្គហ្វឹកហ្វឺននេះត្រូវរក្សាវត្តមាន គោរពពេលវេលា និងសកម្មក្នុងការរៀនសូត្រ សំដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអង្គភាពរបស់ខ្លួន ដើម្បីធ្វើជាគម្រូល្អសម្រាប់វគ្គនេះ លើកស្ទួយមុខមាត់អង្គភាព ក៏ដូចជាសម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទផងដែរ។ លោកបន្តថា សិក្ខាកាមត្រូវក្រេបជញ្ជក់ចំណេះដឹងបច្ចេកទេសឲ្យបានច្បាស់ នូវវិធីសាស្ត្រអន្តរាគមន៍ ត្រៀមសហការជាមួយកងកម្លាំងអនុវត្តច្បាប់ ទប់ស្កាត់តទល់បង្ក្រាបរាល់សកម្មភាពវិទ្ធង្សនា បាតុកម្ម កូដកម្ម របស់ពួកប្រឆាំង ដែលជាវិធានការចុងក្រោយ ដើម្បីការពារច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយប្រជាជន។ លោកមេបញ្ជាការកងពលក៏បានផ្តាំផ្ញើរសិក្ខាកាមទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរ ចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ និងជាពិសេសត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើដឹងថា យោធិនណាម្នាក់ពាក់ព័ន្ធទៅករណីនេះ នឹងត្រូវដាក់ពិន័យតាមច្បាប់កងយោធពលខេមរភូមិន្ទ ឬត្រូវកាត់ឈ្មោះចេញពីទ័ព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *