ភ្នំពេញ ៖ ភ្ញៀវប្រុសស្រីចំនួន២ក្រុម បានចូលទៅផឹកស៊ី និងរាំលេងកម្សាន្តសប្បាយនៅក្នុងក្លិបយីហោ «ប្លូឡាញ» សុខៗ ស្រាប់តែផ្ទុះហិង្សា បង្កឱ្យមានកែវហោះ និងចានហើរពេញក្នុងក្លឹបតែម្តង បណ្តាលឲ្យមនុស្សម្នាក់រងរបួសបែកក្បាលហើយក៏សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបានចំនួន៣នាក់ យកទៅសួរនាំផងដែរ ។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងក្លិបកម្សាន្តយីហោ «ប្លូឡាញ» តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គឺមានភ្ញៀវប្រុសស្រីចំនួន២ក្រុម បានចូលទៅផឹកស៊ី រាំកម្សាន្ត នៅក្លិបកម្សាន្តខាងលើ លុះពេលផឹក បណ្តើរ រាំបណ្តើរ ក៏ស្រាប់តែបង្កទៅជាទំនាស់ពាក្យសម្ដី រហូតឈានដល់ការប្រើប្រាស់ហិ.ង្សា វា.យគ្នាទៅវិញមក ដោយមានកែវហោះ និងចានហើរ ផ្អើលដល់ភ្ញៀវដទៃទៀតដែលចូលទៅកម្សាន្តក្នុងក្លិបនេះបាននាំគ្នារត់ជាន់ជើងគ្នាចេញមកក្រៅតែម្តង ។ ប្រភពដដែលបន្តថា បន្ទាប់ពីមានហិ.ង្សាកើតឡើងហើយ ខាងសន្តិសុខដែលយាមនៅទីនោះ បានធ្វើការឃាត់មនុស្សដែលជាភាគីទំនាស់ទាំងសង្ខាងចំនួន៣នាក់ ដោយមានម្នាក់រងរបួសបែកក្បាលហូរឈា.មផងដែរ ។ ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់ខ្លួនអ្នកទាំង៣នាក់បានហើយ ខាងសន្តិសុខបានប្រគល់ឱ្យទៅខាងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីធ្វើការសាកសួរថា តើខាងណាជាអ្នកបង្កមុន ទើបកើតជាហិង្សាវាយគ្នាបែបនេះ។