អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្ដម វុធ ស៊ែ ឯកឧត្ដមវិជ្ជបណ្ឌិត ប៉ោយ ឈិន ឡុង ទីប្រឹក្សាផ្ទាល់ និងសហការី បានចុះសួរសុខទុក្ខប្រជារាស្រ្តក្រីក្រ នៅស្រុកជីក្រែង !!!

ខេត្តសៀមរាប÷នៅវេលារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានដឹកនាំឯកឧត្ដម លោកជំទាវទីប្រឹក្សាផ្ទាល់ និងសហការី ចុះសាកសួរសុខទុក្ខ និងពាំនាំយកនូវព្រះអំណោយចែកជូនដល់ស្រ្តីទុគ៌តខ្វះទីពឹង និងចាស់ជរាដើម្បីជួយសម្រាលដល់ជីវភាពដែលកំពុងខ្វះខាតយ៉ាងខ្លាំង ស្ថិតនៅឃុំគោកធ្លោកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន ឯកឧត្ដម លោកជំទាវ លោកមេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ហើយបានសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជានុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។

ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងឯកឧត្ដម លោកជំទាវទីប្រឹក្សាផ្ទាល់ និងសហការីបានពាំនាំយកនូវព្រះអំណោយចែកជូនដល់ស្រ្តីទុគ៌តខ្វះទីពឹង និងចាស់ជរាក្រីក្រខ្វះខាតដើម្បីរួមចំណែកជួយសម្រាលដល់ជីវភាពរស់នៅរបស់ពួកគាត់ចំនួន៦៥គ្រួសារព្រះអំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជានុរាស្ត្រ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរអំបិល១គីឡូក្រាម ស្កសរកន្លះគីឡូ ប៊ីចេងកន្លះគីឡូ ថ្នាំពេទ្រ១កញ្ចប់ និងថវិកា២ម៉ឺនរៀល

ព្រមទាំងថវិកាជូនលោកមេឃុំ មេភូមិ និងប្រជាការពារផងដែរ។ បន្ថែមពីលើព្រះអំណោយ និងតបតាមសំណូមពររបស់ប្រជានុរាស្ត្រក្នងតំបន់នោះស្នើសុំសម្ភារៈមួយចំនួនដើម្បីយកមកបំពេញបន្ថែមក្នុងការកសាងសាលាឆទានមានដូចជាឥដ្ឋការ៉ូចំនួន៩០កេស.ខ្សាច់+ស៊ីមង់ត៍ចំនួន៣០០$មេក្រូ១ឈុត២៨០$ និងសម្ភារៈមានឆ្នាំងចានជាដើម២២០$ព្រមទាំងកូនឈើចំនួន១០០០ដើម។

ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរួបរួមសាមគ្គីគ្នាកសាងសាលាឆទានបំពេញបុណ្យកុសលជូនដល់បុព្វបុរសគ្រប់ជំនាន់ និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ

រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។ ទាំងលោកមេឃុំ លោកមេភូមិ អជ្ងាធរមូលដ្ឋាន និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម លោកទំទាវទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាតបន្ថែមទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *