ផ្លូវបេតុងផ្សាររុយ ស្ថិតក្នុងសង្កាត់ ក្រាំងអំពិល ក្រុងកំពត នឹងចាប់ផ្តើម ស្ថាបនានៅដើម ខែធ្នូឆ្នាំ២០២១នេះ

(ខេត្តកំពត)៖ គម្រោងស្ថាបនាផ្លូវបេតុង ត្រង់ចំណុចផ្សាររុយ ស្ថិតក្នុងសង្កាត់ ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែលមានប្រវែង ២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ នឹងត្រូវចាប់ផ្តើម ស្ថាបនានៅដើមខែធ្នូ ឆ្នាំ២០២១នេះហើយ។ ចំពោះការងារនេះ ក៏ស្ថិតក្រោមការ ជ្រោមជ្រែងរបស់ រដ្ឋបាលខេត្តកំពតផងដែរ។

លោក លាង រឿនសុធី អភិបាលក្រុងកពត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការ ស្ថាបនាផ្លូវបេតុង ចំណុចផ្សាររុយនេះ គឺមានប្រវែង២៥០ម៉ែត្រ ទទឹងផ្លូវមានប្រវែង៨ម៉ែត្រ  កម្រាស១តឹក កន្លះ។ ប៉ុន្តែក្នុងចំណោមប្រវែង សរុប២៥០ម៉ែត្រ គម្រោងរបស់ក្រុ ងកំពត យើងអនុវត្តតាមកញ្ចប់ ថវិកាជាក់ស្តែងបាន ត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនោះយើងបាន ជំនួយបន្តពីរដ្ឋបាល ខេត្តកំពត ទើបយើងដាក់បន្ត គម្រោង១៥០ម៉ែត្រទៀត ដើម្បីស្ថាបនាបញ្ចប់ ប្រវែងផ្លូវនេះឱ្យបាន ២៥០ម៉ែត្រតែម្តង។

ចំពោះការងារកសាង ផ្លូវបេតុងនេះផងដែរ ក៏អនុវត្តតាមការ ស្នើសុំរបស់រដ្ឋបាល ក្រុងកំពត ទៅរដ្ឋបាលខេត្ត ក្នុងការសាងសង់បញ្ចប់ ហើយខេត្តក៏ឯកភាព តាមគម្រោងមនេះ ស្របពេលដែល រដ្ឋបាលខេត្តបាននឹង កំពុងចាត់វិធានការ អភិវឌ្ឍន៍ឱ្យអស់នូវ កំណាត់ផ្លូវខ្លីៗក្នុង ទីប្រជុំជន។

សូមជម្រាបថា បើតាមការលើក ឡើងរបស់លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវបេតុងស្ថិតចំណុច ផ្សាររុយដែលមាន បណ្តោយប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រនេះ ក៏ត្រូវចាំបាច់ពង្រីក ចិញ្ចើញផ្លូវសង ខាង២ម៉ែត្រ+២ម៉ែត្រទៀត សម្រាប់រៀបប្រព័ន្ធលូ។

លោកចៅសង្កាត់បានបន្តថា ចំពោះការស្ថាបនា ផ្លូវបេតុងនេះ យើងទើបតែអនុវត្ត ជាជំហានដំបូងដោយ បានចងដែកនិងរៀប ចំឈូសឆាយពង្រាប ដីផ្លូវចាស់ ដើម្បីសង់គ្រឹះផ្លូវ សង់ជាផ្លូវ រួចអនុវត្តជាបន្ត បន្ទាប់រហូត ដល់បញ្ចប់គម្រោង។

ចំពោះការស្ថាបនា ផ្លូវបេតុងនេះដែរ ប្រជាពលរដ្ឋដែល រស់នៅអមសងខាងផ្លូវ បានសំដែងក្តីរីករាយ  ដោយសង្ឃឹមថា ក្រោយពីស្ដាបនា ផ្លូវបេតុងបានរួចរាល់ នឹងបានធ្វើដំណើរស្រួល គ្មានភក់ជ្រាំ និងមិនមានការលិច ផ្លូវក្នុងរដូវវស្សាដូច មុនទៀតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *