មនុស្ស៧នាក់  បានស្លាប់ភ្លាមៗក្នុង ហេត្ការណ៍ក្រឡាប់ រថយន្តធ្លាក់ចូលក្នុងទឹក

(ខេត្តកំពត)៖ មនុស្សប្រុស-ស្រី ៧នាក់ បានស្លាប់ភ្លាមៗក្នុង ហេតុការណ៍ក្រឡាប់ រថយន្តធ្លាក់ចូលក្នុងទឹក កាលពីវេលាម៉ោង ២និង៤៥នាទី រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយគ្រោះថ្នាក់នេះបានកើតឡើង ត្រង់ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៤១។

ជុំវិញករណីគ្រោះ ថ្នាក់ខាងលើ លោក ហ៊ីង ឈុំ អធិការនគរបាល ស្រុកដងទង់ បានឱ្យដឹងថា សោកនាដកម្មបណ្តាល ឱ្យមនុស្សក្មេង ចាស់ ប្រុស ស្រី ស្លាប់ដ៏រន្ធត់នេះ គឺផ្តើមឡើងដោយ សាររថយន្តឆ្លាមមួយគ្រឿង ពាក់ស្លាកលេខ តាកែវ2A-1452 បើកបរលឿនហើយ ក្រឡាប់ធ្លាក់ចូល ក្នុងទឹកមានជម្រៅ។

ដោយមុនពេលមាន ហេតុការណ៍ដ៏ អាក្រក់កើតឡើង គេឃើញរថយន្តម៉ាក កាមរីឆ្លាមមួយគ្រឿងខាងលើ ធ្វើដំណើរពីស្រុកជំុគិរី តាមដងផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើង ទៅត្បូងដោយមានមនុស្ស ប្រុស ស្រី ចំនួន៧នាក់ រាប់ទាំងតែកុង ផងជិះក្នុងរថយន្តនោះ។

លោកបានបញ្ជាក់ថា ចំពោះករណីបណ្តាលឱ្យ រថយន្តក្រឡាប់បែបនេះ បើតាមការសន្និដ្ឋាន អាចបណ្តាលមកពីរថយន្ត បែកកង់មុខ ហើយអ្នកបើកបរ ជាន់ហ្វ្រាំងបង្ខំ ទើបធ្វើរថយន្តរេមក ខាងស្តាំដៃ រួចក្រឡាប់ធ្លាក់ ក្នុងទឹកប្រឡាយ បណ្តាលឱ្យមនុស្ស ប្រុស-ស្រី ទាំង៧នាក់ ដែលជិះក្នុងរថយន្តស្លាប់គ្មាន សល់ម្នាក់បែបនេះ។

លោកអធិការ បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរខាងលើ  មានចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ប៉ុន្តែស្គាល់អត្ត សញ្ញាណតែ៥នាក់ ដែលរស់នៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត៖ ១-ឈ្មោះ ស្រេ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ(ប្តី),២-ឈ្មោះ វ៉ាន់ សូរិយា ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធ) ,៣-ឈ្មោះ វ៉ាន់ ណារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ ,៤-ឈ្មោះ ស្រេ ចាន់ដារ៉ា ភេទប្រុស អាយុ៨ឆ្នាំ ,៥-ឈ្មោះ ស្រេ សុវណ្ណនីតា ភេទស្រី អាយុ២ឆ្នាំ។

ដោយឡែក សពជនរងគ្រោះ២នាក់ ទៀតមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ តែគេដឹងថាជនរង គ្រោះមកពីខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នសពជន រងគ្រោះទាំង៧នាក់ ត្រូវបានសមត្ថកិច្ច យកទៅតម្កល់ទុក នៅស្រុកជុំគិរី ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *