ពលករខ្មែរ ១៦ នាក់ ចំណាយអោយមេខ្យល់ពី ៤.៥០០ ដល់ ៩.០០០ បាត ដើម្បីឆ្លងដែនទាំងខុសច្បាប់ ត្រូវទាហានឈុតពិសេសថៃ ស្ទាក់ចាប់បាន

(ប្រទេសថៃ)៖ ពលករខ្មែរ ប្រុសស្រីចំនួន១៦នាក់ ត្រូវបានក្រុមទាហាន ឈុតពិសេសរបស់ថៃ ចាប់ខ្លួន  ខណ:ដែលពួក គេលបឆ្លងដែនច្បាប់ ដោយចំណាយក្នុងម្នាក់ៗបានបង លុយអោយមេខ្យល់ ចាប់ពី ៤.៥០០ បាត ដល់ ៩.០០០ បាត ដើម្បីចូលទឹកដីថៃ ទៅរកការងារធ្វើ ដោយខុសច្បាប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ ព្រឹក ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួន គឺមានពលករខ្មែរចំនួន១៦ នាក់ បានលបឆ្លងព្រំដែនចូល ទៅក្នុងទឹកដីថៃ ដោយបាននាំគ្នា ដើរកាត់តាមចំការ ស្របពេលដែលកម្លាំង ទាហានឈុតពិសេសថៃ សហការជាមួយ កម្លាំងតម្រួតព្រំដែន កំពុងល្បាតក៏ បានស្ទាក់ចាប់ ក្នុងនោះប្រុស៩ និង ស្រី៧ នាក់ ។

ក្រោយការចាប់ខ្លួន ពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្ត បន្ទាយមានជ័យ ដោយបានប្រមូល ផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់ នាំផ្លូវនិងត្រូវចំណាយម្នាក់ៗ ចាប់ពី ៤.៥០០ បាត ទៅ ៩.០០០ បាត និងត្រូវដើរកាត់ចំការ ដើម្បីឡើងទៅលើផ្លូវ ជាតិលេខ ៣០៨៥ ត្រង់ចំណុច បានណាងង៉ាម ចំណែកលុយកាក គឺបានប្រគល់ទៅអោយ មេខ្យល់តាំងពីនៅដីខ្មែរម៉្លេះ ដែលក្នុងមនុស្សទាំង ១៦ នាក់ គោលដៅដែល ត្រូវទៅធ្វើការគឺ ក្រុងបាងកក ៨ នាក់ ខេត្តប៉ាធុំថានី ៣ នាក់ ខេត្តសមុទ្រប្រាកាន ១ នាក់ ខេត្តនគររាជសីមា ៣ នាក់ និង ខេត្តរ៉ាក់យ៉ង ១ នាក់ ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបាន ត្រួតពិនិត្យសុខភាព ពួកគេទាំងអស់ និងបានបញ្ជូនទៅ អោយអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *