ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្ត កំពតអញ្ជើញបញ្ចុះ បឋមសីលាសាងសង់បុស្បុក តម្កល់ រូបសំណាកព្រះសពព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណ ខេត្តកំពត

(ខេត្តកំពត)៖ ដើម្បីការនឹករលឹកដឹងគុណ និងបានជាមរតកមួយដ៏ មានតម្លៃទុកជាទីគោរព សក្ការៈបូជារបស់ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន នៅរសៀលថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ នៅវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានធ្វើពិធីតាម ព្រះពុទ្ធសាសនាដើម្បី បញ្ចុះបឋមសីលាសាងសង់ បុស្បុកតម្កល់ រូបសំណាក ព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណខេត្តកំពត ក្រោមការអញ្ជើញនិង និមន្តចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ជាវ តាយ ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ថុង ធារី ជឹង ផល្លា មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និងព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រមក្នុងខេត្ត។

នៅក្នុងពិធីនាឱកាស នោះព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត និងជាព្រះចៅអធិការ វត្តជុំក្រៀល បានមានសង្ឃដីកា ឱ្យដឹងអំពីគម្រោងនៃ ការសាងសង់ សំណង់បុស្បុក តម្កល់រូបសំណាក នេះ គឺមានខឿនក្រោម ទំហំ៨,៤០ម៉ែត្រ គុណនឹង៨,៤០ម៉ែត្រ និងតួបុស្បុកមានទំហំ ៣,៣៦ម៉ែត្រ គុណនឹង៣,៣៦ម៉ែត្រ មានកម្ពស់១២,១៥ម៉ែត្រ រីឯចំណែករូបសំណាកវិញ ធ្វើអំពីស្ពាន់ទ្រង់ព្រះភ្នែន មានទំហំ១,២០ម៉ែត្រ ដែលសំណង់ទាំងពីរ នេះត្រូវចំណាយថវិកា អស់ចំនួនប្រមាណ ៤៥.០០០ដុល្លារ។

មានប្រសាសន៍សំណេះ សំណាលឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ កោតសសើរ ដល់ទឹកចិត្តដ៏ប្រពៃ ប្រកបដោយជ្រះថ្លា ក្នុងផ្លូវគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការប្រជាពុទ្ធ បរិស័ទរួមនឹង សប្បុរសជននានា ដែលបានចូលរួម បច្ច័យក្នុងការកសាង បុស្បុកតម្កល់រូបសំណាកព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណ ខេត្តកំពតដើម្បីបានជា មរតកមានតម្លៃមួយ ទុកជាទីគោរពសក្ការបូជា របស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានឧទ្ទិសកុសល ផលបុណ្យ ដែលកើតចេញពី សទ្ធាជ្រះថ្លារបស់ថ្នាក់ ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និងសប្បុរសជន ឲ្យទទួលបាននូវ ចំរុងចំរើន និងភាពជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន និងជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។ តែទោះបីយ៉ាងណា ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវនឹងជំរុញឱ្យ ប្រជាពលរដ្ឋចូលរួមទទួល ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ និងបន្តពង្រឹងការ អនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន តាមការអំពាវនាវណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដើម្បី យើងរួមគ្នាបង្ការទប់ ស្កាត់និងកាត់ផ្ដាច់ជំងឺដ៏កាចសាហាវ នេះកុំឲ្យចូលក្នុងសហគមន៍ បន្តទៀត។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានចូលរួមបច្ច័យ បង្គ្រប់ចំនួន១ម៉ឺនដុល្លារ លើ បច្ច័យដែលប្រមូលបាន ក្នុងពិធីនេះមានចំនួន ៥ លាន៥៥ ម៉ឺនរៀល ព្រមទាំងបានជូន ថវិកាសរុបចំនួន ១,៨០០,០០០រៀល ជូនដល់តាជី យាយជីចំនួន៥៦នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០៛ ស្មើ១,១២០,០០០៛ និងកងកម្លាំង ចំនួន៣៤នាក់ ក្នុងម្នាក់ៗ២០,០០០៛ ស្មើ៦៨០,០០០៛៕ ដោយលោក សេង ណារិទ្ធ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *