ជនសង្ស័យ៤នាក់ ដែលជាប់ពាក់ ព័ន្ធលួចម៉ូតូ ត្រូវសមត្ថកិច្ច ខេត្តកែប បញ្ជូនទៅសាលាដំបូង ខេត្តកំពត ព្រឹកនេះ

(ខេត្តកែប)៖ ជនសង្ស័យ៤នាក់ ដែលជាប់ពាក់ ព័ន្ធលួចម៉ូតូ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តកែប ឃាត់ខ្លួនបានជាបន្តបន្ទាប់ ហើយបានបញ្ជូន ជនសង្ស័យ៤នាក់ខាងលើ ទៅសាលាដំបូង ខេត្តកំពត ចាត់ការ តាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ទាក់ទិននឹងករណីខាងលើ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តកែប បានប្រាប់ឱ្យដឹងថា   ជនសង្ស័យដែលឃាត់ ខ្លួនគឺជាប់ពាក់ព័ន្ធនឹង ករណីលួចម៉ូតូដែល ពលរដ្ឋចតនៅមុខផ្ទះ ដោយមិនដកសោរ ចេញ ដោយករណីនេះ បានកើតឡើងកាលពីវេលា ម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លុះលួចបានសម្រេច ជនសង្ស័យក៏បានជិះ ម៉ូតូនោះគេចខ្លួន បាត់ស្រមោល។

សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលព័ត៌មាន និងដោយអនុវត្តតាម ការបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញក៏ តាមប្រមាញ់និង ស្រាវជ្រាវតាមឃាត់ខ្លួន ជនសង្ស័យបានម្នាក់ នៅក្បែរគល់ ស្ពានឥន្ទនូ(ស្ពានចាស់) ហើយយកមកសួរនាំ ទើបឈានទៅឃាត់ ខ្លួនជនសង្ស័យបាន ជាបន្តបន្ទាប់ទៀត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាប់ ពាក់ព័ន្ធពីបទចោរកម្ម ទាំង៤នាក់ រួមមាន៖ ទី១-ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ,ទី២-ឈ្មោះ ឈឹម ណុំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ,ទី៣-ឈ្មោះ ខែម រី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤-ឈ្មោះ ទូច កែវ ភេទប្រុស អាយុ២៩ឆ្នាំ។ទាំង២នាក់ រស់នៅភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។

ក្រោយពីសាកសួរ និងទទួលបានចម្លើយសារភាព ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនៃស្នង ការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់  នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *