វត្តចំនួន០៩ ក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរស្រុកផ្តល់ ជំនួយឧបត្ថម្ភ

(ខេត្តកំពត)៖ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ លោក អ៉ឹម ច័ន្ទសោធន អភិបាលរង ស្រុកទឹកឈូ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត ព្រមទាំងសប្បុរស ជនមួយចំនួន បានចូលរួមនាំយក ទេយ្យទាន និងបច្ច័យ ដើម្បីប្រគេន ព្រះសង្ឃចំនួន ៩វត្តដែលកំពុងមាន ការខ្វះខាត ក្នុងស្រុកទឹកឈូ ខេត្តកំពត។

មានមតិសំណេះសំណាល ក្នុងឱកាសនោះលោក  អុឹម  ច័ន្ទសោធន  បានថ្លែងអំណរគុណចំពោះសប្បុរសជន និងជម្រាបជូនពី សមិទ្ធិផលនានា ជាពិសេសការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងការ ប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះលោក អភិបាលរងស្រុក ក៏បានអំពាវនាវបន្ថែម ទៀតឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធាន ការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល  និងក្រសួងសុខាភិបាលឲ្យបានភ្ជាប់ខ្ជួន។

ក្នុងឱកាសនោះលោក អភិបាលរងស្រុកទឹកឈូ ក៏បាននាំយកអង្ករចំនួន  ១២៥០គីឡូក្រាម  ជូនសាលាឃុំថ្មី ដើម្បីយកទៅចែក ជូនគ្រួសារខ្វះខាត ស្ថិតនៅក្នុងឃុំថ្មី ក្នុងកំឡុងពេលកូវីដ១៩នេះ។

សូមបញ្ជាក់ថា សប្បុរសជនដែលបាន ចូលរួមឧបត្ថម្ភមានៈ១-លោក អ៉ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានអង្ករចំនួន៥០០គីឡូក្រាម ២-លោក នាក់ សម្បត្តិ ប្រធាន ស.ស.យ.ក ឃុំថ្មី និងក្រុមគ្រួសារ អង្ករ ៥០០គីឡូក្រាម និងថវិកា ២០០ដុល្លា សម្រាប់ដាក់បង្គោលភ្លើងក្នុងបរិវេណវត្តពោធិ៍ ៣-លោក ង៉ែត ប៊ុនធឿន សមាជិក ស.ស.យ.ក ឃុំថ្មី ឧបត្ថម្ភអង្ករ ២៥០គីឡូក្រាម។

ទេយ្យទានដែល ប្រគេនវត្តទាំង ០៩ក្នុងស្រុកទឹកឈូ នាពេលនេះរួមមាន វត្តពោធិវង្ស វត្តអង្គសិរីសោភា វត្តសេដ្ឋារាម វត្តសំពៅប្រាំ វត្តគិរីឧិសថទឹកជប់ វត្តពោធិព្រឹក្សសាខារាម វត្តភ្នំក្តីបារមីតេជះ  វត្តវត្តស្ទឹងកែវ និងវត្តពោធិ៍ ក្នុងមួយវត្តៗទទួលបាន៖  អង្ករ ៥បាវស្មើនឹង ២៥០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកដោះគោខាប់ ១កេសធំ ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីងៀត ៥គីឡូក្រាម ត្រីខ ៥យូរ ប៊ីចេង ៤គីឡូ ស្ករស ៤គីឡូ សាប៊ូ ៣ថង់ អាកុល ៥លីត្រ ប្រេងឆា ៥លីត្រ មី ៥កេស ទឹកផ្លែឈើ ២កេស តែ ១ថង់ស្មើ ១គីឡូក្រាម ម៉ាស ១កេសធំស្មើ១៨០ម៉ាស់ និងបច្ច័យចំនួន ៦០ម៉ឺនរៀល។

ចំពោះទេយ្យទាន និងបច្ច័យ សរុបជាថវិកាទាំងអស់ ៤.៥០០ដុល្លារអាមេរិក តាមរយៈលោក ជា មឿន និងលោកស្រី សេង សុជាតា លោក សេង សុខ និងលោកស្រី ស្មាន ស្រីពេជ្រ ព្រមទាំងក្រុមគ្រួសារ, លោក គង់ សុផុន និងភរិយាផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *