អភិបាលខេត្តកំពត ចុះពិនិត្យលទ្ធផល និងជំរុញការអនុវត្ត គម្រោងកែលម្អ សួនច្បារមាត់ព្រែក និងប្រព័ន្ធរំដោះទឹក ក្នុងក្រុងកំពត

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១  ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងកំពត  និងស្រុកទឹកឈូ ព្រមទាំងមន្រ្តី អនុវត្តគម្រោង ( ADB ) បានចុះពិនិត្យលទ្ធផល និងជំរុញនៃការអនុវត្ត គម្រោងកែលម្អសួនច្បារ និងប្រព័ន្ធរំដោះ ទឹកសំខាន់ៗចេញ ពីក្រុងកំពត។

គម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទាំង ពីរខាងលើនេះគឺ ទី១-គម្រោងកែលម្អ សោភ័ណភាព និងពង្រីកសួនច្បារមាត់ព្រែក ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ជាគម្រោងរបស់ រដ្ឋបាលខេត្ត ទី២-គម្រោងស្តារពង្រីកប្រព័ន្ធលូ និងប្រឡាយរំដោះទឹក ជាគម្រោងរបស់( ADB )។

គម្រោងទាំងពីរខាងលើនេះ បច្ចុប្បន្នបាននឹង កំពុងតែអនុវត្ត ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមូលហេតុ ជួបស្ថានភាពជាក់ស្ដែង ពាក់ព័ន្ធលើការកែ សម្រួលប្លង់ប្រព័ន្ធលូ ដោះទឹករបស់គម្រោង (ADB)។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាប្រព័ន្ធផ្លូវ និងលូដោះទឹក គឺជាបញ្ហាសំខាន់ ក្នុងការបញ្ចៀសការ ជន់លិចទីក្រុង ដែលនាំឲ្យប៉ះពាល់ដល់ ការរស់នៅនិងការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

ជាមួយគ្នានោះក្រៅពីការ ជំរុញការអនុវត្តគម្រោង កែលម្អសួនច្បារមាត់ព្រែក ដោយពិនិត្យឃើញថា រដូវភ្លៀងកាន់តែ ខិតចូលមកដល់ ឆាប់ៗនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានណែនាំ ជំរុញដល់មន្ត្រី ជំនាញពាក់ព័ន្ធ អាជ្ញាធរ រួមនិងមន្ត្រី អនុវត្តគម្រោង(ADB) ត្រូវធ្វើយ៉ាងណា រួមសហការគ្នា សិក្សាលើគម្រោងស្ដារព្រែក ធម្មជាតិមួយខ្សែ ដែលមាន ប្រវែងជាង២០០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ កំពង់កណ្ដាល ឲ្យបានឆាប់ ចប់មុនរដូវភ្លៀង ធ្លាក់មកដល់ ព្រោះព្រែកធម្មជាតិនេះ គឺជាផ្លូវដោះទឹកដ៏សំខាន់ផ្នែកខាងកើត និងខាងត្បូងចេញ ពីក្រុងកំពត។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍ កែលម្អសួនច្បារ ដងព្រែកកំពតនេះ គឺជាគម្រោងរបស់ រដ្ឋបាលខេត្ត មានប្រវែង ប្រមាណ ៦០០ម៉ែត្រ  គិតចាប់ពីខាងត្បូង ក្បាលស្ពានថ្មី ដល់ខាងជើងក្បាលស្ពាន ឥន្ទធនូ(ស្ពានចាស់) ក្នុងនោះគឺកែលម្អពង្រីក សួនច្បារឲ្យ បានទំហំ១២ ម៉ែត្របន្ថែម  លើទទឹងសួនចាស់ ដែលកន្លែងខ្លះ ២០ម៉ែត្រ និងកន្លែងខ្លះ ទៀតមានទទឹង១២ម៉ែត្រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *