បើកដំណើរការ ចេញ-ចូល ឡើងវិញនូវ សង្កាត់ចំនួន៣ និងផ្សារមួយចំនួន នៅក្រុងសៀមរាប

(ខេត្តសៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើក ដំណើរការ ចេញ-ចូល ឡើងវិញនូវសង្កាត់ ចំនួន៣ និងផ្សារមួយចំនួនទៀត នៅក្រុងសៀមរាប បន្ទាប់ពីបានបិទ រយៈពេល១៤ថ្ងៃកន្លងមក ដោយសារ នៅតំបន់នេះមាន ការរកឃើញអ្នក ឆ្លងកូវីដ-១៩។

ក្រោមការតាមដានយ៉ាង យកចិត្តទុកដាក់របស់ ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះ បានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ ក្នុងភូមិសាស្រ្តសង្កាត់ ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វា ស្ថិតក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តទៅ។

ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងផ្សារក្រោម និងផ្សារវត្តអធ្វា ត្រូវអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាល ដោយត្រូវត្រួតពិនិត្យ សុខភាពបឋមដល់ អាជីវករ និងអ្នកចេញ-ចូលក្នុងផ្សារ លាងសម្អាតដៃនឹងអាកុល ឬជែល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ព្រមទាំងអនុវត្ត តាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ ជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមាន មនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)

សូមរម្លឹកថា ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទ ខ្ទប់ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្រ្តសង្កាត់ ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តាមរយៈសេចក្តី សម្រេចលេខ០៤០/២១ សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ  រួមទាំងការបិទផ្សារក្រោម និងផ្សារវត្តអធ្វា ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាពនៃ ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត សង្កាត់ដែលត្រូវបិទខ្ទប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *