កិច្ចប្រជុំត្រួតពិនិត្យការងារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តកែប

ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុងភូមិសាស្ត្រខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក( ឌី វិជ្ជា) អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក (តេង សួន) អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក( យឹម លាង) អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត (នេត សាវឿន) អគ្គស្នងការនគរបាលជាតិ ។ អង្គប្រជុំក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរគណៈប្រតិភូ លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្ត លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុកទាំង២ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ពីបណ្តាផែនពាក់ព័ន្ធ និងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ( សម្បត្តិ សុធារដ្ឋ) ស្នងការនគរបាលខេត្តកែបរួចមក។
មានប្រសាសាន៍ទៅកាន់អង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក( ឌី វិជ្ជា) បានផ្តល់មតិមួយចំនួនជុំវិញវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយជំរុញឱ្យយកចិត្តទុកដាក់ក្តាប់សភាពការណ៍ ការបំផុសចលនាមហាជន បង្ការទប់ស្កាត់ការបំផុសអូសទាញខុសច្បាប់ពីក្រុមប្រឆាំងក្រៅច្បាប់ បង្ការការប៉ុនប៉ងបង្កចលាចលសង្គម បង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់និងពង្រឹងស្មារតីសាមគ្គីភាព រួមគ្នាបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ ដោយឡែក ឯកឧត្តម បានណែនាំបន្ថែមឱ្យយកចិត្តទុកដាក់បន្តអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត រួមមាន៖ អង្ករ ២០បាវ ម៉ាស់ ៥០ប្រអប់ ត្រីកំប៉ុង ២កេសធំ ទឹកសុទ្ធ ២០កេះ មី ២០កេស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *