ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់ រៀបចំបែងចែកគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ខេត្តពោធ៏សាត់៖ នាថ្ងៃពុធ ៥រោច ខែអស្សុជ មក ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់ រៀបចំបែងចែកគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង។

កិច្ចប្រជុំនេះធ្វើឡើង នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មេបញ្ជាការ មេបញ្ជាការរងទទួលទិសនីមួយៗ, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ទៀត។

ក្នុងការបែងចែកតួនាទី អនុគណៈកម្មការ មានភារកិច្ច៖
-ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងភូមិសាស្ត្រឃុំទាំង៥
-ចុះស្រាវជ្រាវក្តាប់ព័ត៌មាន កំណត់មុខសញ្ញាជនល្មើស និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់
-កំណត់ច្បាស់លាស់ទីតាំងដីព្រៃឈើ ដែលត្រូវការពារក្នុងភូមិសាស្ត្រឃុំ
-អប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃការថែរក្សាធនធានធម្មជាតិ
-តាមដានការប្រើប្រាស់កម្លាំង និងមធ្យោបាយប្រតិបត្តិការ នៃការប្រព្រឹត្តបទល្មើស
-ធ្វើរបាយការណ៍ពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តការងារ ជូនគណៈកម្មការថ្នាក់ខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *