សមត្ថកិច្ចខេត្តកំពត កោះហៅអ្នកកាសែត ២អង្គភាពមកសាកសួរ តាមបណ្តឹងរបស់ លោក គឹម សោភ័ណ ជុំវិញការ Live ព័ត៌មាន ទាក់ទិននឹងការចាក់ ដីលុបប្រឡាយ សាធារណៈ

(ខេត្តកំពត)៖ អ្នកសារព័ត៌មានប្រចាំ ខេត្តកំពត២អង្គភាព ត្រូវសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពត កោះហៅមកស្រាយ បំភ្លឺជុំវិញការថត Live ព័ត៌មានលើ ករណីចាក់ដី លុបប្រឡាយ និងការបិទ បង្ខាំងផ្លូវសាធារណៈ ស្ថិតក្នុងភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដោយការកោះហៅ បែបតក់ក្រហល់នេះ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈមាន បណ្តឹងរបស់ឈ្មោះ គឹម សោភ័ណ ជាមន្ត្រីប៉ូលិស ក្នុងខេត្តកំពត។

ជុំវិញករណីខាងលើ បើតាមមជ្ឈដ្ឋាន ទូទៅបានលួច ទម្លាយថា រឿងរ៉ាវដែលឈាន ទៅប្តឹងអ្នកកាសែតនេះ ដើមចមដំបូងគឺផ្តើម ឡើងពីរឿង ទំនាស់ដីធ្លី ដោយសារឈ្មោះ គឹម សោភ័ណ ជាមន្ត្រីនគរបាលពាក់សក្តិ៤ មានតួនាទីជានាយ រងការិយាល័យ កិច្ចការប៉ុស្តិ៍ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានចាក់ដីរំលោភ ចូលក្នុងប្រឡាយនិង ធ្វើរបងបិទផ្លូវសាធារណៈ ហើយមិនឱ្យ ប្រជាពលរដ្ឋឆ្លងកាត់។

មជ្ឈដ្ឋានដដែល បានបង្ហើបទៀតថា ក្រោយពីបានចាក់ ដីនិងធ្វើរបងរួចហើយ លោក គឹម សោភ័ណ បានបិទផ្លូវមិន ឱ្យអ្នកភូមិឆ្លងកាត់ឡើយ ទើបប្រជាពលរដ្ឋ ក្នុងតំបន់នោះ មានប្រតិកម្ម ហើយហៅអ្នកសារព័ត៌ មានក្នុងស្រុកមួយចំនួន ឱ្យជួយផ្សព្វផ្សាយ ដោយអង្គភាពខ្លះថត Live ជាវិដេអូតាមបណ្តាញ សង្គមFacebook អង្គភាពខ្លះផ្សព្វ ផ្សាយតាមគេហទំព័រ ទើបលោក គឹម សោភ័ណ ខឹងសម្បារ ហើយប្តឹងអ្នក កាសែតតែម្តង។

ពាក់ព័ន្ធនឹងករណីដូចខាងលើ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្ពុជាថ្មីមិនអាច សុំការពន្យល់ ណាមួយពីលោក គឹម សោភ័ណ ជាមន្ត្រីប៉ូលិសសក្តិ៤បានទេ។ ចំពោះអ្នកសារព័ត៌មាន ក្រោយពីសាក សួរសមត្ថកិច្ចបាន អនុញ្ញាតិឱ្យវិល ត្រឡប់មកវិញហើយ។

ដោយឡែក នៅរសៀល ថ្ងៃដដែលនេះ អាជ្ញាធរស្រុកទឹកឈូ បានដឹកនាំមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យ មើល ទីតាំងដីទំនាស់ខាង លើដើម្បីរកដំណោះ ស្រាយតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *