អគ្គិភ័យលេបត្របាក់ ផ្ទះបើកហាងលក់ទូរស័ព្ទ ខ្ទេចទាំងស្រុងនៅចំកណ្តាល ក្រុងស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ អគ្គិភ័យមួយបានកើត ឡើងនៅចំកណ្តាលក្រុង ស្ទឹងត្រែងហើយបានលេប ត្របាក់ផ្ទះ បើកហាងលក់ ទូរស័ព្ទដៃដែលមាន មានតម្លៃច្រើនម៉ឺនដុល្លារ  យីហោ« ហេង ហេង ប្រេន »  បង្កអោយ មានការភ្ញាក់ផ្អើល  ហើយក្នុងនោះ គេក៏បានឃើញ កម្លាំងសមត្ថកិច្ចទាំង៣ គឺកម្លាំងនគរបាល   កម្លាំងអាវុធហត្ថ និងកម្លាំងយោធាខេត្ត បូករួមទាំងប្រជាពលរដ្ឋ បានរួមគ្នាយ៉ាង សស្រាក់សស្រាំ ក្នុងការចុះជួយបាញ់ ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះ ដ៏សន្ធោរសន្ធៅនោះ ប៉ុន្តែ បើទោះជាខិតខំយ៉ាងណា ក៏ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិ នៅក្នុងផ្ទះនេះ បានរងការឆេះខ្ទេចអស់ដែរ។

ករណីនេះបានកើត ឡើងកាលពីវេលា ម៉ោងប្រមាណជា ១៧ និង៤០នាទីល្ងាច ថ្ងៃទី២២មករាឆ្នាំ ២០២០ស្ថិតនៅចំកណ្តាល ក្រុងស្ទឹងត្រែងក្នុងភូមិ ត្រពាំងព្រីងសង្កាត់ ស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ជុំវិញការឆេះផ្ទះ បើកហាងលក់ទូរស័ព្ទ យីហោ « ហេង ហេង ប្រេន » នេះ លោក ចាន់ សុផា ស្នងការរង  ផែនការងារគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងអគ្គីភ័យខេត្តស្ទឹងត្រែង បានអោយដឹងថារហូត មកទល់នឹងពេលនេះ មន្ត្រីជំនាញ កំពុងចុះស្រាវជ្រាវ និងធ្វើកំណត់ហេតុនៅឡើយ។

ដូច្នេះ កម្លាំងនគរបាលជំនាញ នៅមិនទាន់ដឹងពីទំហំ នៃការខូចខាតផ្ទះសម្តែង និងទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ដោយអគ្គីភ័យនេះនៅឡើយទេ។ ចំណែក មូលហេតុដែលនាំឲ្យ កើតគ្រោះអគ្គីភ័យនេះ ក៏ នៅមិនទាន់ដឹងច្បាស់ លាស់នៅឡើយដែរ ប៉ុន្តែ បើតាមការសន្និដ្ឋាន ជំហ៊ានដំបូង គឺ អាចបណ្តាលមកពីការដុត ភ្លើងទុកចោលធូបនៅលើផ្ទះ។ រីឯ ស្ត្រីត្រូវជាបងស្រីម្ចាស់ផ្ទះ បានអះអាងថា ការឆេះផ្ទះនេះ បណ្តាលមក ពីផ្ទុស្សេខ្សែភ្លើងចេញ ពីទូលក់ទូរស័ព្ទ។

ក្រោយឧបទ្ទវហេតុភ្លើងឆេះផ្ទះរួចមក នៅព្រឹកថ្ងៃទី២៣មករា ឆ្នាំ២០២០នេះ អ្នកតំណាងរាស្ត្រ មណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានដឹកនាំមន្ត្រីក្រោមឧិវាទ និងមានការចូលរួម ពីមន្ត្រីខេត្ត ក្រុង មន្ទីរពាក់ព័ន្ធ និងអង្គភាព នៃកងកម្លាំងទាំង៣ នាំយកថវិកា ៣លានរៀល ព្រមទាំងគ្រឿងបរិភោគ មាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកក្រូច និងភេសជ្ជៈជាច្រើនមុខទៀត មកផ្តល់ជូនគ្រួសារ រងគ្រោះដោយភ្លើងឆេះ។

លោក ឡូយ សុផាត បានមានប្រសាសន៍ សម្តែងនូវសមានចិត្តក្តុកក្តួល និងចូលរួមសោកស្តាយ ចំពោះការកើតឡើង នៃឧបទ្ទវហេតុ គ្រោះអគ្គីភ័យឆេះផ្ទះ និងការបាត់បង់ ទ្រព្យសម្បត្តិ អស់ទាំងស្រុង នៅក្នុងពេលនេះ។

លោក បានសន្យាថា នឹងបន្តជួយគៀង គរសប្បុរសជននានា ដើម្បីប្រមូលទាំងថវិកា គ្រឿងបរិក្ខាប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ មកជួយទំនុកបំរុង ដល់គ្រួសាររងគ្រោះ ដោយគ្រោះអគ្គីភ័យនេះ ជាបន្តទៀត។

រីឯ គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ដល់អ្នកតំណាងរាស្ត្រ អាជ្ញាធរខេត្ត ក្រុង និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានជួយដោះទុក្ខធុរៈ នៅគ្រាដែលពួកគាត់ កំពុងប្រឈមនឹងខ្វះទីជម្រក ក៏ដូចជាខ្វះខាត ផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងពេលនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *