ប៉ូលិសពាក់ស័ក្តិបួនកន្លះម្នាក់ កំពុងរងការចោទប្រកាន់ថា បានរំលោភបំពាន ដីធ្លីប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ

(ខេត្តកំពត)៖ ប្រជាពលរដ្ឋ រស់នៅភូមិចង្ហោនមួយ គ្រួសារបានចោទប្រកាន់ថា មន្ត្រីប៉ូលិស នៃស្នងការដ្ឋាន ខេត្តកំពត ម្នាក់កំពុងរំលោភ បំពានយកដីរបស់គាត់ មួយកន្លែង ជាប់នឹងជើង ភ្នំបូកគោ ស្ថិតក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីប៉ូលីសដែលកំពុង រងការចោទប្រកាន់ថាបាន រំលោភយកដីពលរដ្ឋនេះ មានឈ្មោះ កែវ មុន្នី ហៅផុក ជាប៉ូលិស (ពាក់ស័ក្តិ៤កន្លះ) មានតួនាទី ជាប្រធានការិយាល័យ សន្តិសុខឯកជន ដោយពេលថ្មីៗនេះបានប្រើអំណាច និងឥទ្ធិពលរបស់ ខ្លួនទៅរំលោភយកដី ប្រជាពលរដ្ឋមួយគ្រួសារ មានទំហំដី៥ហិកតាយក ដើម្បីយកធ្វើកម្មសិទ្ធិរបស់ខ្លន។

ទាក់ទិននឹងករណី រំលោភបំពានខាងលើ លោក ឆាយ ផាន់នី ដែលជាជនរងគ្រោះ រស់នៅក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បាននិយាយថា ដីដែលគាត់រស់នៅគាត់ បានកាន់កាប់រយៈ ពេល២១ឆ្នាំមកហើយ ថែមទាំងមានសាលាក បត្រយ៉ាងត្រឹមត្រូវ ប៉ុន្តែពេលនេះស្រាប់ តែប៉ូលិសស័ក្តិ៤ កន្លះម្នាក់ ឈ្មោះ កែវ មុន្នី ហៅផុក មកប្តឹងទាមទារយក ដីរបស់គាត់ដោយគ្មានអៀន ខ្មាស់ទៅវិញ។

ជុំវិញករណីខាងលើ បើតាមការឆ្លើយ បំភ្លឺពីសាក្សីឈ្មោះ ឡាយ ហេង រស់នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ដែលបានលក់ដីទៅឱ្យ លោក ឆាយ ផាន់នី តាំងពី២១ឆ្នាំមុន បាននិយាយថា ដីដែលលោកប៉ូលិស ឈ្មោះ កែវ មុន្នី ហៅផុក កំពុងប្តឹងទាមទារនេះ ពិតជាដីរបស់ឈ្មោះ ឆាយ ផាន់នី យ៉ាងពិតប្រាកដ គាត់ហ៊ានអះអាងនេះ ដោយសារគាត់ជា ម្ចាស់ដីកាលពីជាងម្ភៃឆ្នាំមុន តែពេលនេះបែរជាប៉ូលិស ឈ្មោះ កែវ មុន្នី ហៅផុក ប្តឹងយកដីគេមិនចេះអៀនខ្មាស់ នេះប្រហែលជាលោក ប៉ូលិសម្នាក់នេះ  អាងអំណាចហើយ។

ជាមួយគ្នានេះ លោក ឆាយ ផាន់នី ដែលជាជនរងគ្រោះ សុំសំណូមពរយ៉ាងទទូច ដល់អាជ្ញាធរក្នុងខេត្ត កំពតគ្រប់ជាន់ថ្នាក់ ពិសេសស្ថាប័ន ច្បាប់មេត្តាជួយរកយុត្តិធម៌ ឱ្យក្រុមគ្រួសារគាត់ផង។

ពាក់ព័ន្ធនឹងរឿងរ៉ាវដដែលនេះ មជ្ឈដ្ឋានទូទៅ ព្រមទាំងមតិមហាជនជា ច្រើនស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកត្នោត ស្រុកទឹកឈូ បានទម្លាយថា កន្លងមកលោក កែវ មុន្នី ហៅផុក ជាមន្ត្រីប៉ូលិសម្នាក់នេះ តែងតែប្រើអំណាច និងឥទ្ធិពលរបស់ខ្លួន រំលោភបំពានយកដីធ្លី របស់គេដើម្បីយកធ្វើជា សម្បត្តិផ្ទាល់ខ្លួន ដោយ គ្មានខ្លាចញញើតច្បាប់។

ទន្ទឹមនឹងករណីបែបនេះ ប្រជាពលរដ្ឋក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត សូមអំពាវនាវដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយចាត់វិធានការ ឱ្យបានហ្មត់ចត់មក លើមន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះ ឈ្មោះ កែវ មុន្នី ហៅផុកនេះផង ដើម្បីកុំឱ្យ មន្ត្រីសមត្ថកិច្ចផ្សេងទៀត យកគម្រូតាម។

ពាក់ព័ន្ធនឹងការចោទ ប្រកាន់ទាំងអម្បាលមាន លោក កែវ មុន្នី ហៅផុក ដែលមានតួនាទី ជាប្រធានការិយាល័យ សន្តិសុខឯកជន ខេត្តកំពត  បានប្រាប់ឱ្យដឹងថា ដីមួយកន្លែងនេះ ជាដីរបស់គាត់ ព្រោះគាត់បានកាប់ដី តាំងពីឆ្នាំ១៩៩៣ មកម្លេះ ហើយលោកក៏មាន ឯកសារគ្រប់គ្រាន់ សម្រាប់ប្តឹងតតាំង ជាមួយ និង ឈ្មោះឆាយ ផាន់នី នៅតុលាការ ខេត្តកំពតដែរ។

គួររម្លឹកដែរថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានដឹកនាំកម្លាំងជំនាញ ពាក់ព័ន្ធចុះទៅ ទីតាំងដីទំនាស់ ស្ថិតក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដើម្បីត្រួតពិនិត្យ និងវាស់វែងក្នុងគោល បំណងរកទំហំដីជាក់លាក់ ងាយស្រួលដោះ ស្រាយតាមផ្លូវច្បាប់។

ស្របគ្នានឹងករណី ដដែលនេះដែរ បើយោងតាមសម្តី របស់មន្ត្រីសុរិយោដីម្នាក់ សុំមិនបង្ហាញឈ្មោះ  បានលើកឡើងថា ករណីវិវាទដីធ្លីដែល ស្ថិតក្នុងតំបន់វិនិច្ឆ័យ គឺពុំមែនជាតួនាទីរបស់ តុលាការទៅត្រួតពិនិត្យ ឬដោះស្រាយឡើយ ដោយតួនាទីសម្រប សម្រួលទំនាស់មាន តែគណៈកម្មការដោះស្រាយ ដីធ្លី ថ្នាក់ខេត្តប៉ុណ្ណោះ ដែលត្រូវទទួលកាតព្វទាំងនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *