មន្ត្រីរាជការ និងប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង ជិត៣ពាន់នាក់ បានចូលរួមអបអរសាទរ ខួបលើកទី៤១ នៃទិវាជ័យជំនះ៧មករា ជាទិវាចងចាំ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា !

(ខេត្តស្ទឹងត្រែង)៖ ប្រជាពលរដ្ឋកម្ពុជា បានចាត់ទុកថ្ងៃ៧មករា គឺជាទិវាជ័យជំនះ ជាទិវាចងចាំ និងជាថ្ងៃកំណើតទី២របស់ផងខ្លួន។ ហើយប្រជាជន និងប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ ក៏ដោយសារមាន ថ្ងៃ៧មករានេះដែរ។ ដោយឡែក យុវជនខេត្តស្ទឹងត្រែង បានប្តេជ្ញាការពារថ្ងៃ៧មករា និងសុខសន្តិភាព នៅកម្ពុជា មិនអោយបាត់បង់ជាដាច់ខាត។

រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ៧មករា២០២០នេះ បានរៀបចំពិធីអបអរសាទរ ប្រារព្ធខួបលើកទី៤១ នៃទិវាជ័យជំនះ ៧មករា១៩៧៩-៧មករា២០២០ នៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។ ពិធីនេះ បានធ្វើឡើង ក្រោមការបង្ហាញ វត្តមានពី អ្នកតំណាងរាស្រ្ត មណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត អភិបាល ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និមន្តចូលរួមពី ព្រះមេគណខេត្ត មន្ត្រីសង្ឃខេត្ត ព្រមទាំងសមាជិកព្រឹទ្ធសភា ប្រធាន និងសមាជិក ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ក្រុមយុវជន ក្រុមចលនាស្ត្រី សិល្បៈករ សិល្បៈការិនី និងប្រជាពលរដ្ឋ ប្រមាណជាង ២ពាន់៥០០នាក់។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ថ្ងៃ៧មករា គឺជាទិវាដ៏មានអត្ថន័យ និងសារៈ សំខាន់ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យ កាលដ៏ខ្មៅងងឹត នៃរបបកម្ពុជា ប្រជាធិបតេយ្យ ហើយបើកឡើង នូវទំព័រសករាជថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបានបន្តដឹកនាំ កសាងប្រទេសជាតិ រហូតសម្រេចបាន នូវសមិទ្ធផលនានា យ៉ាងត្រចះត្រចង់ ដូចសព្វថ្ងៃនេះ។

លោកបន្តថា រាល់សមិទ្ធផលដែល យើងសម្រេចបាននេះ គឺពិតជាផ្តើមចេញពីថ្ងៃ ជ័យជម្នះ៧មករា  ហើយស្មារតី៧មករា នៅតែស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តប្រជាជន កម្ពុជាគ្រប់ៗរូប ទាំងនៅក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

លោកថា ទិវាជ័យជំនះ៧មករា គឺជាការចងចាំ ដើម្បីថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនទៅមុខទៀត។ ហើយថ្ងៃ៧មករា១៩៧៩ ជាថ្ងៃកំណើតទី២របស់យើង និងជាថ្ងៃដែលបានជួយសង្រោះជីវិត ប្រជាពលរដ្ឋពី រណ្តៅមរណៈ ដូច្នេះ ប្រសិនបើគ្មាន ថ្ងៃរំដោះ៧មករានេះទេ ម្ល៉េះជីវិតប្រជាពលរដ្ឋកម្ពុជា មិនដឹងប៉ុន្មាន លាននាក់ទៀតទេ នឹងត្រូវសម្លាប់? រីឯ ប្រទេសជាតិ នឹងរងនូវគ្រោះមហន្តរាយ ដល់កម្រិតណានោះដែរ ក្រោមស្នាដៃឃោឃៅ នៃរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ លោក ម៉ុម សារឿន បានបញ្ជាក់ថា របបអាវខ្មៅ កម្ពុជាប្រជាធិបតេយ្យ បានសម្លាប់ធនធាន មនុស្សស្ទើរគ្មានសល់ និងហេដ្ឋារចនាសម្ព័ន្ឋសង្គម ត្រូវបានបំផ្លាញស្ទើរទាំងស្រុង ហើយនៅក្រោយថ្ងៃរំដោះ កម្ពុជាសល់តែបាតដៃទទេរ ប៉ុណ្ណោះ។

អ្នកតំណាងរាស្រ្ត មណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានមានប្រសាសន៍ថា ការធ្វើដំណើរលើផ្លូវដ៏លំបាក និងវែងឆ្ងាយ ក្នុងរយះពេលជាង៤១ឆ្នាំមកនេះ យើងបានជួបប្រទះឧបសគ្គ ស្ទើររាប់មិនអស់ តែក្នុងស្មារតីជាតិ មាតុភូមិ និងប្រជាជន ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា ពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើនយោបាយ បង្រួបបង្រួមជាតិ រវាងខ្មែរ និងខ្មែរ ដើម្បីបញ្ចប់សង្គ្រាម ហើយបានកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងធ្វើឲ្យជីវភាពប្រជាជន បានធូរធាររហូត មកដល់សព្វថ្ងៃនេះ និងបច្ចុប្បន្នកម្ពុជា  ទទួលបានសិទ្ធ ស្មើភាពគ្នា ជាមួយប្រទេសនានា នៅលើឆាកអន្តរជាតិ។ លោកថា ទិវា៧មករា២០២០នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ ដើម្បីរំលឹកធ្វើអោយ ប្រជាជនកម្ពុជា  ចងចាំថ្ងៃរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារកម្លាំងស្នេហាជាតិ នៃរណសិរ្ស២ធ្នូ និងការជួយគាំទ្រពី ប្រទេសជាមិត្ត ប៉ុណ្ណោះទេ ក៏ជាព្រឹត្តិការណ៍ បង្ហាញពីមហាសាមគ្គី និងការប្តេជ្ញាចិត្តដ៏មុះមុត របស់គណបក្សប្រជនកម្ពុជា  ក្នុងការថែរក្សាសុខសន្តិភាព ជារៀងរហូត ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅរកភាព រីកចម្រើនរុងរឿង ជាងនេះថែមទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *