សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  ផ្តល់អំណោយជូន  អ្នកជំងឺ  និងស្ត្រីទេីបសម្រាលកូន -ស្ត្រីមានផ្ទៃពោះ ចំនួន  ១.១២៣នាក់  និងបុគ្គលិក-កម្មករ  ១.៦១៧នាក់  នៅមន្ទីរពេទ្យកាល់ម៉ែត  …!!

(ភ្នំពេញ)៖ក្នុងកំឡុងពេល កំពុងមេីលថែទាំមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  នៅថ្ងៃសៅរ៍ ១១កេីត  ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ  ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទ ក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ លោកយាយ  ម៉ោង ទឹម អាយុ ១០១ឆ្នាំ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត។

ទន្ទឹមនឹងនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី  ហ៊ុនសែន បានចាត់ឱ្យ លោកជំទាវកិត្តិបណ្ឌិត  អ៊ុក  ម៉ាលី  អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច រួមដំណេីរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំមន្ត្រី និងយុវជនកាក បាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ដោយផ្ទាល់  និងចែកអំណោយ មនុស្សធម៌ជូន អ្នកជំងឺចំនួន ១.១២៣នាក់ ដែលកំពុងសម្រាក ព្យាបាល នៅតាមផ្នែកនីមួយៗក្នុង មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី  ក៏បានប្រគល់អំណោយ លេីកទឹកចិត្ត ដល់ គ្រូពេទ្យ  បុគ្គលិក និង កម្មករ ចំនួន ១.៦១៧នាក់ ដែលកំពុងបម្រេីការងារ នៅក្នុងមន្ទីរពេទ្យផងដែរ។

ក្នុងឱកាសចុះសួរ សុខទុក្ខនោះ លោកជំទាវ កិត្តិបណ្ឌិត អ៊ុក  ម៉ាលី បានពាំនាំនូវ ប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ និងបុគ្គលិកនៃ មន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ  ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់ និងជឿទុកចិត្ត ស័ក្តិសមជាមន្ទីរពេទ្យ របស់រាជរដ្ឋាភិបាល ដែលរួមចំណែក លើក កម្ពស់ វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។

លោកជំទាវ បានថ្លែងការកោត សរសេីរចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង  រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលមានយុទ្ធសាស្ត្រ រស់រវ៉េីកក្នុងការដឹកនាំ -គ្រប់គ្រង  ធ្វេីឱ្យមន្ទីរពេទ្យមាន ដំណេីរការ ល្អទាំងសេវាថែទាំ អនាម័យ ក្រមសីលធម៌គ្រូពេទ្យ  និងថ្នាំព្យាបាលដ៏មានប្រសិទ្ធភាព  ដែលទាំងនេះសុទ្ធតែជាក្តី សង្ឃឹមនិងការជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំនូវការ ផ្តាំសួរសុខទុក្ខ និងសារអំពាវនាវរបស់  សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ  និងក្រុមគ្រួសារ របស់អ្នកជំងឺ ទាំងអស់ ឱ្យគិតគូរថែរក្សា សុខភាពឱ្យបានល្អ អនុវត្តតាមការណែ នាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភ ដែលផ្តល់អត្ថប្រយោជន៍ ដល់សុខភាព ព្រមទាំង សូមជូនពរដល់អ្នកជំងឺ ទាំងអស់  ឆាប់ជាសះស្បើយពីជំងឺ បានវិលទៅជួបជុំ គ្រួសារឡើងវិញ។

សូមបញ្ជាក់ថា  អ្នកជំងឺ១.១២៣នាក់  ក្នុងម្នាក់ៗទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់ ១២ប្រអប់  មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២  និងថវិកា ៥០.០០០រៀល។

ដោយឡែក  បុគ្គលិកពេទ្យ -កម្មករ  ១.៦១៧នាក់  ក្នុងម្នាក់ៗ ទទួលបាន៖ សារុង១  ក្រមា១  និងថវិកា  ១០០.០០០រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *