ខេត្តប៉ៃលិន÷នៅព្រឹកថ្ងៃទី០៨ខែ០៧ឆ្នាំ២០២៤ ដើម្បីជាការឆ្លើយតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើតេស្តទឹកម៉ូត (ទឹកនោម) ដើម្បីស្វែងរកសារធាតុញៀន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត នៃរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថាការធ្វើតេស្តរកសារធាតុញៀនរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងព្រះសង្ឃនាពេលនេះ គឺដើម្បីអនុវត្តតាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ហើយឯកឧត្ដមអភិបាលរងខេត្តបានបន្តថា៖ ការធ្វើតេស្តនេះ ក្នុងន័យរួមចំណែក ក្នុងការធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាល និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។
ឯកឧត្តម ហុក សុផល បានឲ្យដឹងថា៖ យុទ្ធនាការធ្វើតេស្តទឹកម៉ូត (ទឹកនោម) ស្វែងរកសារធាតុញៀននេះដែរ បានធ្វើឡើងរយះពេលមួយថ្ងៃពេញ ដោយពេលព្រឹកចាប់ពីម៉ោង០៨នឹង០០នាទី ដល់ម៉ោង១១នឹង៣០នាទី និងពេលរសៀលចាប់ពីម៉ោង ០២នឹង០០នាទី ដល់ម៉ោង ០៥នឹង០០នាទី នៅបរិវេណមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀនខេត្ត។
គួរបញ្ជាក់ដែរថា៖ ចំពោះយុទ្ធនាការធ្វើតេស្ត រកសារធាតុញៀនលើមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើឡើងតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយធ្វើតេស្ត រកសារធាតុញៀន ចំពោះមន្ត្រីរាជការត្រូវធ្វើជាគំរូសម្រាប់ពលរដ្ឋ។ ហើយក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។ដោយ ស សា រឿន