ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានគូសបញ្ជាក់អំពីភាពលេចធ្លោរនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ចាប់តាំងរាជរដ្ឋាភិបាលនីតិកាលចាស់ ជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានទាញចំណាប់អារម្មណ៍ប្រតិភូអន្តរជាតិ អំពីលទ្ធផលនៃការកាត់បន្ថយភាពក្រីក្រដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ស្ថិរភាពនិងភាពធននៃសេដ្ឋកិច្ច ស្ថិរភាពនយោបាយនិងការចូលរួមរបស់ពលរដ្ឋក្នុងការសម្រេចចិត្តនៅមូលដ្ឋាន ជាពិសេសការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាចក្នុងវិស័យជាច្រើនដែលធ្លាប់តែស្ថិតក្រោមការសម្រេចរបស់រដ្ឋបាលថ្នាក់ជាតិ នៅខាងលើ ទៅឱ្យរដ្ឋបាលថ្នាក់ជាតិ ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយជីវភាពប្រជាជននៅក្រោមតែម្ដង។

ភ្ជាប់នឹងអនុសាសន៍មួយចំនួនទៅកាន់ គ.ជ.អ.ប. ក៏ដូចជារដ្ឋបាលខេត្តកំពត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកត់សម្គាល់ពីភាពចាំបាច់នៃការខិតខំអប់រំ បណ្ដុះបណ្ដាលសមត្ថភាព និងក្រមសីលធម៌មន្ត្រីរដ្ឋបាលថ្នាក់ក្រោម ដែលពេលនេះ ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ឈានទៅបញ្ចប់ការសាងសង់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពង្រីកសក្ដានុពលបណ្ដុះបណ្ដាលឱ្យបានកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅរួមចំណែកឱ្យសម្រេចបានជោគជ័យ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពិសេសការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បញ្ចប់ទស្សនកិច្ចការងារគណនេយ្យភាពសង្គមត្រឹមកិច្ចប្រជុំនៅសាលាខេត្ត ប៉ុន្តែបេសកកម្មពេញមួយថ្ងៃនៅខេត្តកំពត របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ ត្រូវបន្តទៅបង្ហើយនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ដែលនៅមិនឆ្ងាយប៉ុន្មានពីជើងភ្នំបូគោ។ មន្ទីរពេទ្យនេះកសាង និងឧទ្ទិសដល់ឈ្មោះកូនស្រីរបស់លោកបណ្ឌិត វីនហ្វីដ យៀល និងអ្នកស្រី រ៉ូម៉ារី យៀល ឈ្មោះ ស៊ុនយ៉ា ដែលបានទទួលមរណភាពក្នុងឧប្បទវហេតុដោយចៃដន្យ។

យោងតាមបទបង្ហាញជូនគណៈប្រតិភូ នៅក្នុងដំណើរទស្សនកិច្ចផ្ទាល់មកប្រទេសកម្ពុជា កាលពីឆ្នាំ២០០៤ លោកបណ្ឌិត វីនហ្វីដ យៀល បានជម្រាប ថ្វាយជូនសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីបំណងប្រាថ្នាកសាងនូវមន្ទីពេទ្យមួយនៅប្រទេសកម្ពុជា ដើម្បីឧទ្ទិសជូនដល់ឈ្មោះកូនស្រី។ នៅខែវិច្ឆិកា ឆ្នាំ២០០៤ សម្តេចព្រះបរមរតនកោដ្ឋ បានប្រទានព្រះរាជសារជូន សម្តេចតេជោ អំពីបំណងប្រាថ្នានេះ ដើម្បីជូនរាជរដ្ឋាភិបាល សម្របសម្រួលការងារទាក់ទងនឹងការងារកំណត់ទីតាំង និងសម្របសម្រួលការងារសាងសង់មន្ទីរពេទ្យ។

សម្តេចតេជោ ក៏បានប្រគល់ភារកិច្ចនេះជូន សម្តេចក្រឡាហោម ស ខេង ដើម្បីកំណត់ទីតាំង។ នៅខែមករា ឆ្នាំ២០០៦ អង្គការមូលនិធិ ស៊ុនយ៉ាយៀល កម្ពុជា ត្រូវបានបង្កើតឡើងតាមការអនុញ្ញាតជាផ្លូវការរបស់ក្រសួងមហាផ្ទៃ។ តាមរយៈការសម្របសម្រួល និងការដឹកនាំដោយផ្ទាល់ពីសម្តេចក្រឡាហោម ទីតាំងនៅអតីតកសិដ្ឋានចិញ្ចឹមគោបឹងទូក ខេត្តកំពត ត្រូវបានកំណត់យកនិងរៀបចំដើម្បីសាងសង់មន្ទីរពេទ្យ។ ខែមីនា ឆ្នាំ២០០៧ សំណង់មន្ទីរពេទ្យ បានចាប់ដំណើរការដំបូង និងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១០ ហើយក៏ត្រូវសម្ពោធដាក់ឱ្យដំណើរការជាលើកដំបូងនៅ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។

ប្រតិបត្តិការរបស់មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាយៀល បានជួយដល់មន្ទីរសុខាភិបាលខេត្ត ក្នុងការផ្តល់នូវសេវាថែទាំប្រកបដោយគុណភាពសម្រាប់ប្រជាជននៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងធ្វើការផ្តល់ហិរញ្ញប្បទានសុខភាព តាមរយៈការផ្តល់ឧបត្ថម្ភធននូវសេវាថែទាំសុខភាពដល់ជនក្រីក្រ ដោយផ្តោតលើការថែទាំ មាតា និងទារក សេវាសង្គ្រោះបន្ទាន់ ក៏ដូចជាការកាត់បន្ថយការចំណាយដោយប្រយោលសម្រាប់ការថែទាំសុខភាពបឋម រួមទាំងជំងឺមិនឆ្លង (NCDs) ផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្ញប់ស្ញែងចំពោះស្ថាបនិកមន្ទីរពេទ្យ ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនកម្ពុជា និងបានសម្ដែងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់បន្តនិរន្តរភាពប្រកបដោយភាពលេចធ្លោរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការព្យាបាល។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ ជាផ្នែកមួយនៃការលើកម្ពស់វិស័យសុខាភិបាលនៅប្រទេសកម្ពុជា ពិសេសនៅតាមមូលដ្ឋាន ក្រៅពីរាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *