ឯកឧត្តម ស សុខា៖ មជ្ឈមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ គឺជាក្តីសង្ឃឹមរបស់កុមារកំព្រាកម្ពុជា ដែលកំពុងជួបទុក្ខលំបាក..!!!

ឯកឧត្តម៖ ស សុខា ៖ ដោយមើលឃើញពីទុក្ខលំបាក ពិសេសការមិនបានសិក្សារៀនសូត្រ ឬរៀនសូត្រដែរ តែមិនដិតដល់របស់កុមារកំព្រា ដែលត្រូវបានឪពុកម្តាយ ស្លាប់ចោល ឬបោះបង់ចោល ឬផ្ញើនឹងជីដូនជីតាចាស់ជរាគ្មានទីពឹង សាច់ញាតិ ឬក៏អ្នកដទៃ ដោយសារតែការលែងលះគ្នា ឬភាពក្រីក្រ ចំណាកស្រុកជាដើម ខ្ញុំ និងក្រុមគ្រួសារ ពិសេសលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រសាងសង់មជ្ឈមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ដើម្បីទទួលយកក្មួយៗទាំងនោះ មកស្នាក់នៅ និងរៀនសូត្រក្នុងមណ្ឌល សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

មជ្ឈមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ចំនួន ១ហិកតា ដែលមានបណ្តោយ ប្រវែង ៧០ម៉ែត្រ និងទទឹង ប្រវែង ៦០ម៉ែត្រ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយចំណាយអស់ថវិកា ចំនួន ៧០០ ០០០(ចិតសិបម៉ឺន)ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងបរិវេណវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចុងខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ បច្ចុប្បន្នមានក្មួយៗស្នាក់នៅចំនួន ១២៦នាក់ ស្រី ៧០នាក់។

មជ្ឈមណ្ឌលកុមារវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស ដែលធានាបាននូវសុខសុវត្ថិភាពក្នុងការស្នាក់នៅ និងសិក្សារបស់ក្មួយៗ។ ក្នុងនោះក៏មានបន្ទប់រៀនកុំព្យូទ័រ បន្ទប់រៀនចំណេះទូទៅ បន្ទប់ស្នាក់នៅ បន្ទប់ទទួលទានអាហារ បន្ទប់ហាត់ប្រាណ សួនដាំដំណាំលើដី និងលើកទឹក ស្រះចិញ្ចឹមត្រី មាន់ ទា តាមបែបធម្មជាតិ ដែលមិនប្រើប្រាស់សារធាតុគីមី ។ល។ ក្នុងនោះក្មួយៗដែលកំពុងសិក្សា ទាំងក្នុងនិងក្រៅប្រទេស មានចំនួន ១៦៦នាក់ រួមមាន ៖ – ថ្នាក់មតេ្តយ្យសិក្សា ចំនួន ១១នាក់ – ថ្នាក់បឋមសិក្សា ចំនួន ៥៤នាក់ – ថ្នាក់អនុវិទ្យាល័យ ចំនួន ៥៦នាក់ – ថ្នាក់វិទ្យាល័យ ចំនួន ១៤នាក់ – ថ្នាក់មហាវិទ្យាល័យ ចំនួន ១នាក់ – សិក្សាអាហារូបករណ៍ ស សុខា នៅប្រទេសឥណ្ឌូនេស៊ី ចំនួន ៣០នាក់(វិទ្យាល័យ ២០នាក់ និងសាកលវិទ្យាល័យ ១០នាក់)។ ក្នុងនោះសូមថ្លែងអំណរព្រះគុណចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អារាច្យវត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ដែលបានបរិច្ចាគដី ចំនួន ១ហិកតា និងក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជននានា ទាំងនៅក្នុង និងក្រៅប្រទេស ដែលបានចូលរួមឧបត្ថម្ភគាំទ្រថវិកាសម្រាប់ការសាងសង់មជ្ឈមណ្ឌលដ៏មានសារៈសំខាន់នេះ..៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *