លោកឧត្តមសេនីយ៍ត្រី សឹង្ហទុំមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ..!!!

(បន្ទាយមានជ័យ) ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បិណ្ឌ ១២ (Ben 12) លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះដឹកនាំកម្លាំងអន្តរាគមន៍ ពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមសាស្រ្ត ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន។ សូមបញ្ជាក់ថា ដោយសារស្ថានភាពទឹកភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ និងទឹកមួយចំនួនហូរធ្លាក់មកពីផ្នែកលើ ខេត្តឧត្តរមានជ័យ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជន់លិចផ្ទះ និងដំណាំកសិកម្មប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំស្ពានស្រែង សរុបចំនួន ៦ភូមិ ប្រជាពលរដ្ឋរងគ្រោះ សរុបចំនួន ១.០១៥គ្រួសារ ក្នុងនោះប្រជាពលរដ្ឋមួយចំនួនជន់លិចផ្ទះ តែអាចបន្តរស់នៅបាន ដោយឡែកប្រជាពលរដ្ឋ ចំនួន ២៥គ្រួសារ សត្វពាហនៈ សម្ភារ ត្រូវបានកងកម្លាំងជួយជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ បានត្រៀម កម្លាំង សម្ភារ មធ្យោបាយ ២៤/២៤ម៉ោង សម្រាប់ជួយសង្រ្គោះពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងនោះមានកម្លាំងមួយផ្នែក មានទូកសង្គ្រោះ និងរថយន្តធំ បានបញ្ជូនទៅប្រចាំការនៅតំបន់កំពុងរងគ្រោះឲ្យបានទាន់វេលា។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់កំពុងរងគ្រោះ សូមថែរក្សាសុខភាព អនាម័យឱ្យបានជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *