ក្មេង​ស្រី៧​​នាក់បាននាំគ្នាជិះទូកត្នោតលេងក្នុងទឹកមួយកន្លែង បណ្តាលឲ្យក្រឡាប់ទូកលង់ទឹកស្លាប់២នាក់ អាណោចអាធ័ម!!!

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ក្នុងចំណោមបក្សពួក ៧ នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែលកំពុងតែជិះទូកត្នោតលេងយ៉ាងសប្បាយ ហើយទូកបានក្រឡាប់។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការបានបញ្ជាក់ថា ៖ ក្មេងរងគ្រោះទាំង០២នាក់៖១-ឈ្មោះជួប សុជាតា ភេទស្រី អាយុ១៣ឆ្នាំ(ស្លាប់) នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ មាន ឡាលីន ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះនិងគ្នីគ្នា៧នាក់ បានជិះរថយន្ត១គ្រឿង ចេញពីទីរួមស្រុក ឆ្ពោះទៅលេងកម្សាន្តទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលអោយលង់ទឹកស្លាប់ចំនួន២នាក់ ដែលមិនចេះហែល ចំណែក០៥នាក់ទៀត ចេះហែលបានរួចពីការស្លាប់។ ក្រោយកើតហេតុការណ៍មានប្រជាពលរដ្ឋរាយការណ៍ភ្លាមៗនោះ លោកបានដឹកនាំ កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុឃើញថា ក្មេងទាំង២នាក់ ខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានទាំងក្តីសោកស្តាយយ៉ាងអាឡោះអាល័យបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *