អាជ្ញាធរមូលដ្ឋានត្រូវរក្សា គុណបំណាច់និងភាព ថ្លៃថ្នូរក្នុងនាម ឱពុកម្តាយល្អរបស់ ប្រជាពលរដ្ឋ

(ខេត្តកំពត)៖ ក្នុងនាមជាមន្ត្រីអាជ្ញាធរ មិនថាថ្នាក់ភូមិ ឃុំ សង្គាត់ ឬស្រុកក្រុងទេ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ រក្សាការពារប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានល្អ ពិសេសត្រូវធ្វើខ្លួន ជាអ្នកបម្រើពលរដ្ឋ  ផ្តល់នូវសេវាផ្សេងៗ ឲ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សឆ្លើយ តបតម្រូវការរបស់ ប្រជាពលរដ្ឋទូទៅ និងរក្សាបាននូវភាពថ្លៃថ្នូរ មានតម្លាភាព សមធម៌ គុណធម៌។

នេះជាប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងឱកាសបើកវេទិកា ដោះស្រាយជម្លោះដីត្រពាំងបបុស ស្ថិតនៅភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពុងត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នៅបរិវេណត្រពាំងបបុស ដែលជាទីតាំងទំនាស់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងភាពជាអ្នកដឹកនាំ មិនថាមេភូមិ មេឃុំ គឺមានតួនាទីដូចជាឱពុកម្តាយ ជាចាស់ទុំ ជាអាណាព្យា បាលរបស់ពលរដ្ឋ ក្រៅពីការមើលថែ ក៏ត្រូវជួយណែនាំ អប់រំដល់កូនចៅ ឲ្យបានល្អ ព្រោះពេលខ្លះ កូនៗឈ្លោះគ្នា មិនមែនព្រោះ ពួកគេអាក្រក់ទេ ប៉ុន្តែដោយសារ ឱពុកម្តាយប្រដៅ អប់រំកូនមិនទាន់បានល្អ។

យ៉ាងណាម៉ិញ ជម្លោះពលរដ្ឋនៅ ក្នុងមូលដ្ឋាននេះក៏បែបនេះដែរ ដូច្នេះមេភូមិ មេឃុំ អភិបាលស្រុកត្រូវ ធ្វើខ្លួនជាអណា ព្យាបាលដ៏ល្អ ត្រូវរក្សាភាពថ្លៃថ្នូរ កុំដើម្បីតែប្រាក់ ឬប្រយោជន៍បុគ្គល ធ្វើឲ្យប្រជាពលរដ្ឋរងទឹកភ្នែក ឬជួបការ លំបាកឲ្យសោះ ហើយជាក់ស្តែងក្នុង ករណីជម្លោះដីត្រពាំងនេះ ឯកឧត្តមមិនចង់ឃើញអ្នក ណាម្នាក់រងគ្រោះនោះទេ។

ជាមួយនេះ ដើម្បីភាពយុត្តិធម៌ទាំងសង់ខាង រវាងប្រជាពលរដ្ឋ បីភូមិដែលបានទាមទា សុំឲ្យទុកត្រពាំងបបុស ជាសម្បត្តិសាធារណៈ បម្រើប្រយោជន៍រួម និងក្រុមគ្រួសារ មេភូមិដែលបានអះអាង ថាជាម្ចាស់ត្រពាំង បានទិញកាល ពីជាង២០ឆ្នាំមុន តម្លៃជាង៨ជីមាស ហើយមានការទទួលស្គាល់ ពីលោកមេឃុំផងនោះ ឯកឧត្តម មានយន្តការដោះស្រាយពីរករណី៖ទី១ រដ្ឋបាលខេត្តនឹងសង់ថ្លៃ ខាតបង់ទាំងអស់ដល់ភាគីបាន ទិញដីត្រពាំង និងទី២ យកត្រពាំងនេះ ជាសម្បត្តិរដ្ឋ ប្រើប្រាស់បម្រើ ប្រយោជន៍រួមក្នុង សហគមន៍។

ក្នុងវេទិកានោះដែរឯក ឧត្តមក៏បានស្នើខ្លួន សុំធ្វើជាសមាជិក ថ្មីម្នាក់របស់ក្រុមគ្រួសារ ប្រជាពលរដ្ឋគ្រប់រូប ដោយឯកឧត្តមបានបញ្ជាក់ថា “គ្រប់ក្រុមគ្រួសារមាន រូបខ្ញុំម្នាក់ទៀត ជាសមាជិកថ្មី ដែលត្រូវជាកូន ជាចៅ ជាបង ជាប្អូន ហើយមានតំណែង តួនាទីជាអភិបាលខេត្ត ហើយយើងនឹងនៅ រួមរស់ជាមួយគ្នា  រួមសុខរួមទុកជាមួយគ្នា ហើយឈប់ឈ្លោះគ្នា ប្រកាន់គ្នាតទៅទៀត ព្រោះយើងជា គ្រួសារតែមួយ”៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *