អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងរៀបចំកែលម្អ សោភ័ណ្ឌភាពនៅ វិមានឯករាជ្យ ដើម្បីត្រៀមប្រារព្ធពិធី បុណ្យឯករាជ្យជាតិ និងទាក់ទាញ អ្នកទេសចរ

(ខេត្តមណ្ឌលគិរី)៖ អាជ្ញាធរខេត្តមណ្ឌលគិរី បាននឹងកំពុងរៀបចំ កែលម្អវិមានឯករាជ្យ នៅចំកណ្ដាល ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ធ្វើឲ្យមានការទាក់ទាញជាខ្លាំង និងជាទីគួរឲ្យចាប់ អារម្មណ៍ របស់អ្នកទេសចរដែល ធ្វើដំណើរឆ្លងកាត់ ចំណុចនេះរៀងរាល់ថ្ងៃ ។

ហើយរដ្ឋបាលខេត្តមណ្ឌលគិរី កំពុងយកចិត្ត ទុកដាក់រៀបចំផ្នែក សោភ័ណ្ឌភាពនៅជុំវិញ សំណង់វិមាន ឯករាជ្យឲ្យស្រស់ ស្អាតជាងនេះថែមទៀត ដើម្បីត្រៀមប្រារព្ធ ពិធីបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកាខាងមុខ  និងជាផ្នែកទាក់ទាញ អ្នកទេសចរផងដែរ ។

លោក រស់ គីមធន់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មណ្ឌលគិរីបានឲ្យដឹងថា ការរៀបចំផ្នែកហេដ្ឋា រចនាសម្ព័ន្ធសំណង់ វិមានឯករាជ្យ គឺមានក្រាលថ្មមិចកិន បង្ហាប់នៅជុំវិញ និងរៀបចំទីតាំងទំហំ៤០X៦០ សម្រាប់ឈរគោរព ពិធីបុណ្យឯករាជ្យជាតិ ។

លោកប្រធានមន្ទីរបញ្ជាក់ថា បើតាមគម្រោង របស់ឯកឧត្ដម ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី គឺឲ្យរៀបចំកែលំអរ ទីលានវិមានឯករាជ្យ​នេះឲ្យទៅជាតំបន់ កម្សាន្តផ្សេងៗទៀតជាច្រើន ដើម្បីទាក់ទាញទេសចរ ក៏ប៉ុន្តែនឹងធ្វើនៅជំហ៊ានបន្ទាប់ ដោយដំណាក់កាលទីមួយ គឺរៀបចំនៅជុំវិញ វិមានឯករាជ្យសិន ។

ថ្មីៗនេះនាឱកាសចុះ ពិនិត្យមើលសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ក្នុង ក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានធ្វើការណែនាំ ដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាល ក្រុងសែនមនោរម្យ ត្រូវយកចិត្តទុកដាក់គិត គូរពីសោភ័ណ្ឌភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងក្រុង រៀបចំសំអាតបរិវេណ សួនឧទ្យាន ចាប់ពីរូបសំណាក ដំរីដែករហូតដល់វិមានឯករាជ្យ ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សមត្ថកិច្ចជំនាញ និងអាជ្ញាធរក្រុង ត្រូវរៀបចំកន្លែង លក់ដូរថ្មីសមរម្យ សម្រាប់អាជីវករ ដែលលក់ដូរតាមរទេះ នៅជុំវិញបរិវេណ រង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញ បរិវេណរង្វង់មូលនេះ ឱ្យមានសោភ័ណ្ឌភាពល្អ សម្រាប់ទាក់ទាញ់ភ្ញៀវ ទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត នៅលើទឹកដីដ៏ស្រស់បំព្រង នៃខេត្តមណ្ឌលគិរី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *