រដ្ឋាភិបាលថៃ សម្រេចអូសបន្លាយ ការអនុវត្តច្បាប់ គ្រាអាសន្ន រយៈពេល២ខែទៀត ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩

(ប្រទេសថៃ)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានអនុម័តការបន្តអនុវត្ត ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រយៈពេល០២ខែទៀត គឺរហូតដល់ថ្ងៃទី៣១ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

វាគឺជាការអូសបន្លាយ ពេលបន្ថែមលើកទី១២ហើយ និងត្រូវបានព្រមព្រៀង គ្នាក្នុងកំលុងកិច្ចប្រជុំមួយរបស់ CCSA ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា (Prayut-Chan-o-cha) នៅឯវិមានរដ្ឋាភិបាលថៃ នៅថ្ងៃសុក្រនេះ។ អ្នកនាំពាក្យរបស់ CCSA លោក ថាវីស៉ីន វីសានុយោធីន (Taweesin Visanuyothin) ក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាទ្រង់ទ្រាយធំ សម្រាប់ប្រជាជនទូទៅ នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែមិថុនា។ លោក Taweesin បានលើកឡើងសម្តីរបស់លោក Prayut ដែលបានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់នឹងត្រូវទុកចោលឡើយ»។

គួរបញ្ជាក់ថា ជាមួយគ្នានេះដែរ កិច្ចប្រជុំខាងលើ បានអនុម័តការបែងចែក វ៉ាក់សាំងចំនួន ២,០០០ដូស សម្រាប់ចាក់ជូនបុគ្គលិក និងសមាជិកសភា នៅក្នុងសភាជាតិថៃ ក៏ដូចជាគោលការណ៍ តម្រូវឲ្យពាក់ម៉ាស នៅក្នុងសាលជជែកដេញដោលរបស់សភា។

ពាក់ព័ន្ធស្ថានការណ៍ ឆ្លងរាលដាល COVID-19 ក្នុងប្រទេសថៃ នាថ្ងៃសុក្រនេះ ករណីឆ្លងថ្មីៗចំនួន ៣,៤៨១នាក់ និងករណីស្លាប់៣២នាក់ ត្រូវបានរាយការណ៍ ថែមទៀត នាំឲ្យចំនួនអ្នកឆ្លង សរុបកើនដល់ ១២៣,០៦៦នាក់ និងស្លាប់៧៣៥នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *