ស្ត្រីជនជាតិចិនម្នាក់ ដែលធ្លាក់ពីជាន់ទី៦នៅសណ្ឋាគារ Rumduol Grand Hotel នៅភ្នំពេញជាករណីចាប់ជំរិតទារបា្រក់

ភ្នំពេញ ៖ ជនជាតិចិនដូចគ្នាមួយក្រុម បានធ្វើសកម្ម ភាពចាប់ជំរិតស្ត្រីជនជាតិចិនម្នាក់ យកទៅបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគារមួយដែលមានកម្ពស់១២ជាន់ ។ ពេលនោះ ជនរងគ្រោះយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីសម្រូតលួចរត់តាមបង្អូច តែក្រុមជនសង្ស័យដឹង ក៏យកឡាមកាត់ បណ្ដាលឲ្យដាច់ធ្លាក់ពីជាន់ទី៦ រងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅបន្ទប់លេខ៦០៣ ជាន់ទី៦ សណ្ឋាគារ Rumduol Grand Hotel តាមបណ្តោយផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
សមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា ករណីនេះ គឺជាករណីចាប់ជំរិត ព្រោះក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់នេះ ពួកគេបានសារភាពថា ខ្លួនពិតជាបានចាប់ជំរិតស្រ្តីរងគ្រោះប្រាកដមែន ហើយនៅពេលដែលនាងព្យាយាមលួចយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីសម្រូតលួចរត់តាមបង្អូច ពួកគេក៏ប្រើឡាមកាត់ ធ្វើឲ្យនាងធ្លាក់ពីជាន់ទី៦ រងរបួសធ្ងន់តែម្តង ។

ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដឹកនាំកម្លាំងចុះជួយធ្វើអន្តរគមន៍ ជាក់ស្តែងឃាត់ខ្លួនជនជាតិចិន៣នាក់យកទៅសាកសួរតាមនីតិវិធី និងបញ្ជូនជនរងគ្រោះទៅសង្គ្រាះនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ។
ក្រោយពេលកើតហេតុ អាជ្ញាធរ និងកម្លាំងខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវតាមជំនាញ ដោយសម្រេចបិទទីតាំងមួយនេះបណ្ដោះអាសន្នមិនឲ្យដំណើរការនោះទេ ។ ចំណែកឯជនសង្ស័យចំនួន៣នាក់ ដែលជាជនជាតិចិន រួមទាំងភ្ញៀវដែលចូលមកស្នាក់នៅសណ្ឋាគារនេះ ត្រូវបានប្រគល់ឲ្យទៅកម្លាំងនគរបាលជំនាញខណ្ឌ យកទៅសាកសួរតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *