មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ ក្នុងហេតុការណ៍រលំដងសន្ទូចសង្កត់ពលរដ្ឋ នៅក្រុងប៉ោយប៉ែត


បន្ទាយមានជ័យ៖ មនុស្ស ៥នាក់បានស្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ដួលរលំបាក់ដងសន្ទូចសង្កត់ផ្ទះប្រជាពលរដ្ឋ នៅក្បែរការដ្ឋានសំណង់អគារមួយកន្លែងនៅក្នុងក្រុមហ៊ុន The Park Cityនៅវេលាម៉ោងប្រមាណ ១៤និង៤០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ដងស្ទូចដែកសំរាប់ស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុងទំហំប្រមាណ៤ម៉ែត្រ ៤ជ្រុង កម្រាស់១តឹក ២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ២០ម៉ែត្រ ឬ៤ជាន់ របស់ក្រុមហ៊ុន ដឹផាកស៊ីធី(The Park City) ខណៈកំពុងស្ទូចស្រាប់តែម៉ាស៊ីនស្ទូចបានផ្អៀង ធ្វើឲ្យរថយន្តស្ទូចបះជើង បណ្តាលរលំដងសន្ទូច ទៅសង្កត់ផ្ទះប្រជាពលរដ្ឋ ដែលកំពុងអង្គុយលេង នៅខាងមុខផ្ទះនៅខាងកើតជាប់របងក្រុមហ៊ុន។
លោកឱក ទីនណា ប្រធានពេទ្យបង្អែកប៉ោយប៉ែត បញ្ជាក់បន្ថែមថា ហេតុការណ៍ដួលរលំដងស្ទូចនេះ បណ្តាលឲ្យស្លាប់នៅកន្លែង៤នាក់ និងស្លាប់នៅមន្ទីរពេទ្យបង្អែកចំនួន១នាក់ និងរបួសធ្ងន់៣នាក់ ស្រាលម្នាក់មិនបានទៅព្យាបាលនោះឡើយ។
ព័ត៌មានដែលទទួលបាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នក អ្នកបើកបរម៉ាស៊ីនស្ទូចម្នាក់ និង មេការសំណង់ម្នាក់ទៀត ដើម្បីយកទៅសួរនាំ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *