កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២០នេះ នៅសាលាខេត្តបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើមី្បធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៣៩៦ សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ ។

លោក សុខ ថុល នាយករដ្ឋបាល សាលាខេត្តសៀមរាប បានអាននូវសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ១៣៩៦ សជណ ស្តីពីការទប់ស្កាត់ប្រជាពល រដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា រួចមក គ្រប់បណ្តាគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង ស្រុក បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលដែលក្រុង ស្រុកបានអនុវត្តប្រចាំខែ ក្នុងនោះដោយបានផ្តោតសំខាន់លើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ ព្រមទាំងការភ័យព្រួយរបស់អាជ្ញាធរ ចំពោះប្រជាពល រដ្ឋវិលមកពីក្រៅប្រទេស ចូលមកនៅតាមមូលដ្ឋាន មិនបានចូលទៅមណ្ឌលចត្តាឡីស័កនៅតាមក្រុង ស្រុក ឃុំ ។ ក្នុងនោះក៏បានលើកផងដែរអំពីករណីការកំណត់ព្រំប្រទល់ខេត្ត និង ខេត្ត ដែលបានធ្វើឲ្យមានបញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃ និង បញ្ហាក្រុម ជនឆ្លៀតឱកាសចូលកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក ព្រមទាំងការសុំបង្កើតភូមិថ្មីផងដែរ និងលើកនូវបញ្ហាប្រឈមមួយចំនួន និង សំណូមពរមួយចំនួនផងដែរ ។

ឆ្លងតាមកិច្ចពិភាក្សា និង ការផ្តល់មតិយោបល់របស់អង្គប្រជុំទាំងមូល ដោយផ្តោតសំខាន់ ក្នុងពេលដែលបងប្អូន ប្រជាពលរដ្ឋ ជាពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ដោយពួកគាត់មិនបានធ្វើការចុះបិទលិខិតឆ្លងដែនរបស់ខ្លួន ដែលជាកត្តាគ្រោះថ្នាក់មួយចំពោះបងប្អូន នៅពេលដែលវិលទៅធ្វើការក្រៅប្រទេសវិញ ក្រោយពេលវិបត្តិកូវិដ១៩នេះ វិនាសចេញពីភពផែនដីនេះទៅ ។ ក្នុងនោះដែរអង្គប្រជុំក៏បាន សំណូមពរដល់មន្ទីរមានការពាក់ព័ន្ធ ត្រូវទទួលនូវកិច្ចការនេះ ក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង ដើមី្បឲ្យពួកគាត់បានប្រកបការងារទៅស្របច្បាប់ទៀតផង ។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការឯកភាពទៅលើលទ្ធផលនៃ ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុង ដែលបានលើកឡើង ព្រមទាំងបានធ្វើការកោតសរសើរ ពី កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរក្រុង ស្រុក និង មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបានអនុវត្តបានល្អ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់នូវជម្ងឺកូវីដ១៩ កុំឲ្យមានការឆ្លង ជាសហគមន៍ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អំពីបញ្ហាកូវីដ១៩ ទោះបីមានភាពធូស្រាលពីជម្ងឺកូវីដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ដូច្នេះគ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក ក៏ យើងមិនត្រូវបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជម្ងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅ ក្នុងសហគមន៍ ។

ឯកឧត្តមក៏បានណែនាំបន្ថែមដល់សមត្ថកិច្ច និង អាជ្ញាធរក្រុង ស្រុក គឺត្រូវរឹតបន្តឹងចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថាបងប្អូនយើងមួយចំនួនបានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង។ ក្នុងនោះដែរឯកឧត្តមក៏បានដាក់នូវបទបញ្ជាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចតាមដងផ្លូវសាធារណៈ តំបន់ទេសចរណ៍ ក្នុងបង្កើន ជម្រុញស្តារឡើងវិញក្នុងវិស័យទេសចរណ៍ សំខាន់ទេសចរណ៍ក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បានកំពុងនិយមជិះកង់ដើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ ។ ម៉្យាងទៀត ក៏សុំឲ្យមន្ទីរសុខាភិបាល និង មន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើង វិញ ចំពោះការបើកដំណើរការទៅតាមបណ្តាល ភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្កា ទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងនូវជម្ងឺកូវីដ១៩។ បន្ថែមលើសនេះ សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ គ្រឿងញៀន ល្បែងស៊ីសង និងបង្រ្កាប់ឲ្យខាងតែបានចំពោះការកាប់ទន្ទ្រានព្រៃឈើ និង ព្រៃលិចទឹក យកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សម្បត្តិធម្មជាតិ និង ត្រូវធ្វើការអនុវត្តការរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *