ការងារអប់រំ គឺមិនអាចកាត់ផ្ដាច់ ពីភាពប្រទាក់ក្រឡាគ្នា លក្ខណៈជាប្រព័ន្ធ នៃមជ្ឈដ្ឋានទាំងបី គឺសាលារៀន គ្រួសារ និងសង្គមបានឡើយ

(ខេត្តកំពត)៖ អភិបាលរងខេត្តកំពត បានលើកបញ្ជាក់ថា៖ ជាការពិតណាស់ការអប់រំ ទាមទារនូវការចូល រួមពីគ្រប់ផ្នែកពាក់ព័ន្ធ និងគ្រប់ជ្រុងជ្រោយ មិនអាចខ្វះធាតុចូលរួម ណាមួយបានឡើយ ដោយមិនអាច ពឹងផ្អែកតែលើវិស័យ អប់រំមួយផ្នែកបានទេ គឺមានន័យថា “សាលារៀនជារបស់សហគមន៍ ហើយសហគមន៍ដើម្បីសាលារៀន”។

នេះជាការលើកឡើង របស់លោក ភូ លិ តំណាង  លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត នៅក្នុងឱកាស នៃការបើកអង្គ សន្និបាតបូកសរុប និងវាយតម្លៃ លទ្ធផលការងារអប់រំយុវជន និងកីឡាខេត្ត ដំណាច់ឆ្នាំសិក្សា ២០១៨-២០១៩ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០១៩-២០២០ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត  កាលពីព្រឹកថ្ងៃទី២១  ខែមករា  ឆ្នាំ២០២០។

លោកអភិបាលរង ខេត្តបានបន្តទៀតថា ក្នុងន័យខាងលើនេះ គឺការអប់រំ យើងមិនអាចកាត់ ផ្ដាច់បាន នឹងមានភាពប្រទាក់ក្រឡាគ្នា មានលក្ខណៈជាប្រព័ន្ធនៃមជ្ឈដ្ឋាន អប់រំទាំងបី រួមមាន សាលារៀន គ្រួសារ និងសង្គម បើមិនដូច្នោះទេពិតជា មិនអាចទទួលបាន នូវសមិទ្ធផលល្អ សមតាមគោលបំណង  គោលដៅរបស់យើងដែល បានគ្រោងទុកនោះឡើយ ពោលគឺតម្រូវឲ្យសាលារៀន មានកិច្ចសហការជិតស្និទ្ធជាមួយគ្រួសារ និងសហគមន៍ ឬសាលារៀនត្រូវផ្សារ ភ្ជាប់ជាមួយគ្រួសារ និងសង្គម។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់អង្គសន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ រួមគ្នារកឲ្យឃើញនូវមេរៀនបទពិសោធន៍ថ្មីៗ បញ្ហាប្រឈមនានា ដំណោះស្រាយបែបវិជ្ជមាន វិធីសាស្រ្តដោះស្រាយល្អៗ ជាគន្លឹះបន្ថែមទៀត និងប្រមូលផ្ដុំ គ្រប់ធាតុចូលទាំងឡាយ ព្រមទាំងចំណុចសេស សល់ដើម្បីកែលម្អ កសាង និងអភិវឌ្ឍវិស័យអប់រំ ក្នុងខេត្តដោយដាក់ចេញ ជាទិសដៅសម្រាប់ អនុវត្តបន្តក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ ដើម្បីរួមចំណែកក្នុងការអនុវត្ត ឱ្យឆ្លើយតបទៅនឹងយុទ្ធ សាស្ត្រចតុកោណដំណាក់ កាលទី៤របស់រាជ រដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រវិស័យ អប់រំឆ្នាំ២០១៩-២០២៣ និងកំណែទម្រង់វិស័យអប់រំ ជាពិសេសផ្ដោតការ យកចិត្តទុកដាក់លើប្រធានបទ ពាក់ព័ន្ធទៅនឹង អនុវិស័យទាំង ៦ នៅថ្នាក់ក្រោមជាតិ សំដៅពង្រឹងគុណភាព អប់រំឲ្យមានកំណើនឡើង មួយកម្រិត បន្ថែមទៀត។

សូមជម្រាបថា៖ បើយោងតាមរបាយ ការណ៍របស់ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត គឺលោក តាក ហាប ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ នេះខេត្តកំពតមាន មត្តេយ្យសិក្សាសាធារណៈ ចំនួន២០០កន្លែងមាន កុមារចូលសិក្សាសរុបចំនួន ៧៦៧៩នាក់។

មានសាលាបឋមសិក្សា សាធារណៈចំនួន ៣១១ សាលា មានសាលាសម្ព័ន្ធ ចំនួន២សាលា មានសិស្សសរុបចំនួន ៧៦.៨១៤នាក់ សាលាគ្រឹះស្ថានសិក្សា សាធារណៈសរុបចំនួន ១០០សាលា ក្នុងនោះ អនុវិទ្យាល័យចំនួន ៧៦ មានសិស្សសរុប ១៧.៣០៨នាក់ វិទ្យាល័យចំនួន ២៤  មានសិស្សសរុបចំនួន២៣.៦៨២នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *