ប្រជាពលរដ្ឋប្រមាណ ជាង១០០នាក់ មកផ្តុំគ្នានៅមុខសាលា ដំបូងខេត្តកំពត ដើម្បីតវ៉ារឿងដីធ្លី នៅឃុំត្រពាំងភ្លាំង

(ខេត្តកំពត)៖ ប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នានៅ មុខសាលាដំបូង ខេត្តកំពត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីមក តវ៉ារឿងវិវាទដីធ្លី ដែលអាជ្ញាធរខេត្តកំពត ជាច្រើនជំនាន់ដោះស្រាយមិនចេញ ហើយវិវាទនេះក៏បានបន្ត រហូតមកទល់បច្ចុប្បន្ន។

ទាក់ទិននឹងការ ប្រមូលផ្តុំគ្នានៅមុខ សាលាដំបូងខេត្តនេះ តាមសំដីប្រជាពល រដ្ឋបានបញ្ជាក់អះអាង ថា តាមការពិតពួក គាត់មិនចង់មកឈរ នៅទីនេះទេ តែដោយសារតែកើត ទុក្ខមិនសុខចិត្ត ព្រោះខណៈនេះតុលាការបាន កោះហៅតំណាងរបស់ខ្លួន មកសាកសួរជាបន្តបន្ទាប់។

ពួកគាត់បាន អះអាងទៀតថា ដីដែលកំពុងមានវិវាទនេះ មានបញ្ជីឈ្មោះប្រជាពលរដ្ឋ ចំនួន១៨៩គ្រួសារ ប៉ុន្តែខាងជំនាញ រដ្ឋបាលព្រៃឈើខេត្ត កំពតបែរជាដាក់បន្ទុក ទៅលើពលរដ្ឋមួយចំនួន ក្នុងចំណោមនោះថា បានរស់នៅ និងអាស្រ័យផល លើដីរដ្ឋ(គម្របព្រៃឈើ) ទៅវិញ ទើបគាត់បបួល គ្នាមកតុលាការខេត្ត ដើម្បីតវ៉ាតែម្តង។

ពាក់ព័ន្ធនឹង ករណីខាងលើ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពត បានឱ្យដឹងថា តាមពិតប្រជា ពលរដ្ឋដែលមកផ្តុំ គ្នានៅមុខសាលា ដំបូងខេត្តនេះ សុទ្ធសឹងជាមេខ្យល់ ដើរញុះញង់ដើម្បីឱ្យ ប្រជាពលរដ្ឋទន្ទ្រាន យកដីព្រៃរបស់រដ្ឋ (ដីគម្របព្រៃឈើ) ដែលត្រូវរក្សាការពារ ដោយជំនាញ ដោយពួកគាត់បាន យករូបភាពពលរដ្ឋ ១៨៩គ្រួសារមកធ្វើជា លេសប៉ុណ្ណោះ ហើយអំឡុង ពេលថ្មីឺនេះ កម្លាំងក៏បាន ឃាត់មេខ្យល់ដែល តែងតែញុះញង់ចំនួន ៦នាក់ ដើម្បីឱ្យស្ថាប័នច្បាប់ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា បើតាមប្រភពពី មជ្ឈដ្ឋាននានាបាន លើកឡើងថា ករណីវិវាទដីធ្លីស្ថិតចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតនេះ បានកើតឡើងជាយូរលង់ ថែមទាំងបានក្លាយ ជាជំងឺរាុំរ៉ៃទៅហើយ ដោយកន្លងមក គេសង្កេតឃើញប្រជាពល រដ្ឋដែលអះអាងថាមាន ដីកំពុងអាស្រ័យផល នៅទីនោះ បាននាំគ្នាមតវ៉ានៅមុខសាលាខេត្តកំពត ដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលខេត្តកំពតជាហូរហែរ។

ប៉ុន្តែរហូតមកដល់ពេល នេះហាក់មិនទាន់មាន ការដោះស្រាយដ៏ជាក់លាក់ ណាមួយនៅឡើយទេ  ដោយគេកំពុងឆ្ងល់ថា តើមានវាំងននខ្មៅអី នៅពីក្រោយទៅ ទើបដំណោះស្រាយដី ធ្លីនៅតំបន់នោះនៅ តែបន្តអូសបន្លាយ ដ៏យូរអង្វែងបែប នេះអីញ្ចឹង!។

ជាមួយគ្នានេះ មហាជនពិតជា សង្ឃឹមជឿជាក់ថា លោក ជាវ តាយ អភិបាលខេត្តកំពត នឹងជួយរិះរក ដំណោះស្រាយដោយ តម្លាភាពនិង ដោយយុត្តិធម៌ ដើម្បីព្យាបាល បញ្ចប់ជំងឺដ៏រាុំរ៉ៃនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *