កម្លាំងអាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធីច្បាប់

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង០១និង៤៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ចំណុចក្លឹបកំសាន្ត ថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ និងសម្ភារៈវត្ថុតាងគ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេក ប៉ាគិម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីកន្លែងកំណើត ភូមិនិមិត្ត១ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅម៉ត់ពណ៌សថ្លស (ខេហិត) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់៣,៩៩ក្រាម ថ្នាំគ្រាប់រាងបេះដូង ពណ៌ផ្កាឈូក(ថ្នាំក្រវី) ចំនួន០៣គ្រាប់ ទម្ងន់ ១,៤១ក្រាម ។

ក្រោយការឃាត់ខ្លួនជនសង្ស័យរូបនេះត្រូវបានកម្លាំងអាវុធហត្ថ នាំខ្លួនមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងបានបញ្ជូនបន្តមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃរសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *