លោកឧត្តមសេនីយ៍ទោ សេង ធារិននាយសេនាធិការយុទ្ធភូមិភាគទី៥បានស្វាគមន៍គណៈប្រតិភូថៃ ដឹកនាំដោយ លោកឧត្តមនាវាត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែនខេត្តច័ន្ទបុរី ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ!!!

បាត់ដំបង÷ នារសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានស្វាគមន៍គណៈប្រតិភូថៃ ដឹកនាំដោយ លោកឧត្តមនាវាត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារនៅទីបញ្ជាការយោធភូមិភាគទី៥។

ក្នុងនាមមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានសំដែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយសេនាធិការ និងគណ:ប្រតិភូទាំងអស់ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។

លោកឧត្តមសេនីយ៍ទោ បានបន្តថាក្នុងដំណើរទស្សនកិច្ចនាលើកនេះជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា។

លោកឧត្តមនាវីត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការកងកម្លាំងការពារព្រំដែន ខេត្តច័ន្ទបុរី-ខេត្ត ត្រាត បានថ្លែងថា លោកពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅពី លោកនាយសេនាធិការ និងគណៈប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងគណៈប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។

លោកឧត្តមនាវីត្រីបានបន្តថា ការធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទិសយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងកម្លាំងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានេះហើយទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តយើងទាំងពីរត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ។

លោកឧត្ដមនាវីត្រីបានបន្តទៀតថា នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់កងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅ យើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *