រថយន្តដឹកដីពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម មួយគ្រឿង បើកបុកគោយន្ត កន្ត្រៃដឹកអុសពីក្រោយ បានធ្វើឲ្យ កុមារាម្នាក់ស្លាប់ និងបុរសពីរនាក់ទៀត រងរបួសធ្ងន់និងស្រាល នៅលើដងផ្លូវ ជាតិលេខ៧ ក្នុងខេត្តស្ទឹងត្រែង។

(ខេត្តស្ទឹងត្រែង)៖ កុមារាវ័យ១៤ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹក ដីពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម មួយគ្រឿង កិនបែកខួរស្លាប់នៅ នឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ប្រមាណ ៥ និង២៥នាទីល្ងាច ថ្ងៃទី១០មករាឆ្នាំ ២០២២ នៅលើដងផ្លូវជាតិលេខ ៧អា ស្ថិតក្នុងភូមិគីឡូ ម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍ គ្រោះថ្នាក់នេះ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១. ៣-២២១០ បានបើកបោះពួយយ៉ាង លឿនក្នុងទិសដៅពី កើតទៅលិច រួចបានជ្រុលចង្កូត ទៅបុកគោយន្ត កន្ត្រៃដឹកអុស ១គ្រឿងពីក្រោយ ពេញទំហ៊ឹង បណ្តាលឲ្យអ្នកធ្វើដំណើរ ៣នាក់ ដែលជិះនៅលើ គោយន្តកន្ត្រៃនោះ ប៉ើងខ្ទាតទៅលើទ្រូង ផ្លូវស្លាប់ម្នាក់ និងពីរនាក់ទៀត រងរបួសធ្ងន់ និងស្រាល។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ គឺ  ១.ឈ្មោះ ឌឿន វែន ភេទប្រុស អាយុ ១៤ឆ្នាំ (ស្លាប់) ២.ឈ្មោះ ផាន់ ខឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិកររងរបួសធ្ងន់ និង ៣.ឈ្មោះ សន ឆក ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ រងរបួសស្រាល អ្នកទាំង៣ រស់នៅស្រែតាប៉ាន ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ចំណែក អ្នកបើក បររថយន្តដឹកដី មិនស្គាល់អត្តសញ្ញាណនោះទេ និងនៅក្នុងពេល កំពុងកើតហេតុ គេបានទុករថយន្តចោល និងបានរត់គេចខ្លួនបាត់ស្រមោល។

សាក្សីបាននិយាយថា ក្រោយពេលកើត ហេតុអស់ពេលជាយូរ ដោយរង់ចាំរថយន្ត សង្គ្រោះបន្ទាន់ និងមន្ត្រីអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកយូរពេក ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាននោះ រួមទាំងសាច់ញាតិ ជនរងគ្រោះ បានរួមគ្នាដឹកអ្នក ដែលរងរបួសទៅកាន់ ឃ្លីនិកឯកជន។

ចំណែក សាកសពកុមារារងគ្រោះ ទុកនៅលើទ្រូងផ្លូវ ដោយរង់ចាំមន្ត្រី អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ចុះវាស់វែងរួច ទើបសាច់ញាតិ នាំយកទៅផ្ទះ ដើម្បីរៀបចំទុកដាក់ ធ្វើបុណ្យ ទៅតាមប្រពៃណី។ ដោយឡែក រថយន្តបង្កហេតុ ត្រូវបានកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកខេត្ត ចុះធ្វើការវាស់វែង និងបាននាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធី។

សាច់ញាតិជនរងគ្រោះ បានស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច ជួយបើកការស្រាវ ជ្រាវរកមុខជន បើកបររថយន្តបង្កការ ស្លាប់ជីវិតមនុស្សម្នាក់ និងធ្វើឲ្យពីរនាក់ ទៀតរងរបួស នាំខ្លួនមកផ្តន្ទាទោស តាមច្បាប់ ឲ្យខាងតែបានផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *