អភិបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យមើលដំណើរការបង្រៀន និងរៀនជាបណ្ដុំ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដែលមានហានីភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

(ខេត្តឧត្ដរមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ឧត្ដរមានជ័យ  អញ្ជើញចុះពិនិត្យ មើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋ ដែលមានហានីភ័យទាប ដោយអនុវត្តតាម ស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ ថា ដោយអនុវត្តន៍តាមការ ណែនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមបើក ឲ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើង វិញនៅតាគ្រឹះស្ថានសិក្សា សាធារណៈរដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាម ស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការ សិក្សាមួយរយៈដោយ ស្ថានភាពចម្លងរាតត្បាត ពីសំណាក់ជំងឺកូវីដ-១៩។

នៅក្នុងឱកាស នោះផងដែរ ឯកឧត្ដម អភិបាល ខេត្ត បានមានប្រសាសន៍ផ្តាំ ផ្ញើដល់ក្មួយៗសិស្សានុ សិស្ស ទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មាន លោកគ្រូអ្នកគ្រូ ជាពិសេសត្រូវ ថែរក្សាអនាម័យជាប្រចាំ ដោយធ្វើការពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬ ជែល ការរក្សាគម្លាត សុវត្ថិភាពពីគ្នា និងហាម ជួបជុំគ្នាជាក្រុម ដែលនាំអោយមាន ការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ។

លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត បានឲ្យដឹង ថា ការបើកឲ្យដំណើរ ការសាលានេះដែរ ត្រូវបានអនុវត្តន៍ តាមគោលការណ៍ ប្រតិបត្តិស្តង់ដារ(SOP) រួមមាន ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់ សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះ សាលារៀន ត្រូវរៀបចំគណៈ កម្មការសុខភាព រៀបចំក្រុមប្រឹក្សា កុមារនិងយុវជន ដើម្បីជួយសម្រួល ក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។

លោកបានបញ្ជាក់ដែរថា ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំ ដោយអនុវត្តតាម ស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហ៊ានទី១នេះ មានសាលារៀន សរុបចំនួន ១០៩សាលា ក្នុងចំណោម សាលារដ្ឋសរុបចំនួន ២៥៧សាលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *