ឯកឧត្តម ស៊ាង ប៊ុនលាង ផ្តល់អំណោយជូន សាខាកាបាទក្រហម កម្ពុជាខេត្តកំពត ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហម

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត  ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយសប្បុរសធម៌ ពី ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវហ៊ុន ប៊ុនធឿន ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាព ធន់របស់សង្គមជាតិ ”  ពិធីនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណសាលាខេត្តកំពត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះទឹកចិត្ត សប្បុរសធម៌របស់ឯកឧត្តម និងលោកជំទាវ បាននាំយកមក នូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹងយកគ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជន ងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោល ការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា កាកបាទក្រហម និងសូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ មានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។

សូមជម្រាបថា ថវិកា និងសម្ភារដែលប្រគល់ ជូនសាខារួមមាន៖ អង្ករ១០តោន ទឹកសុទ្ធ១០០កេស ម៉ាស៥កេសធំ អាល់កុល១២០លីត្រ ជែលលាងដៃ១៥កេស និងថវិកា៤,០០០,០០០រៀល (បួនលានរៀល)ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *