ក្មេងប្រុស-ស្រី៣នាក់ បានលង់ទឹកស្លាប់ ខណៈពេលចុះរាវលៀស ក្នុងរណ្តៅដីមួយកន្លែង នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ ក្មេងប្រុសស្រី ៣នាក់បានស្លាប់បាត់ បង់ជីវិតគួរឲ្យអាសូរ ដោយសារចុះរាវលៀស ក្នុងរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា កុមាររងគ្រោះទាំង ៣នាក់រួមមាន ១. ឈ្មោះ ហង់ ស្រីតី ភេទស្រី អាយុ ១៣ឆ្នាំ, ២. ឈ្មោះ ហង់ ទី ភេទប្រុស អាយុ ៩ឆ្នាំ, ៣. ឈ្មោះ សុង រតនា ភេទស្រី អាយុ ១៣ឆ្នាំ។ កុមាររងគ្រោះទាំង បីនាក់មានទីលំនៅភូមិ ជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាភូមិស្រុកមួយ មានព្រំប្រទល់ជាប់គ្នាជា មួយភូមិឃុំកើត ហេតុខាងលើ។

សមត្ថកិច្ចបាន រៀបរាប់ទៀតថា កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នគរបាលមូលដ្ឋាន បានទទួលដំណឹងថាមាន ក្មេងប្រុសស្រី៣នាក់ បានលង់ទឹកស្លាប់ក្នុងរ ណ្តៅដីមួយកន្លែង បន្ទាប់ពីពួកគេបានចុះ រាវលៀសនៅទីនោះ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ បានទៅដល់កន្លែងកើតហេតុ សហការជាមួយប្រជាពលរដ្ឋ និងសាច់ញាតិកុមាររងគ្រោះ ចុះរាវរកទើបប្រទះឃើញ កុមារាកុមារីទាំង៣នាក់ ជាបន្តបបន្ទាប់តែពួកគេ បានស្លាប់អស់ទៅហើយ។

ប្រភពដដែលបានបញ្ជាក់ថា តាមរយៈការធ្វើកោសលវិច័យ ពីមន្ត្រីជំនាញបច្ចេកទេស ឃើញថាកុមារ ទាំងបីនាក់ពិតជាស្លាប់ ដោយសារលង់ ទឹកប្រាកដមែន។ ដូច្នេះសមត្ថកិច្ចក៏ប្រគល់ សពកុមាររងគ្រោះ ទាំង៣ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *