យុវតីម្នាក់ត្រូវបានសត្វឆ្មាខាំប្រាប់តាមានផ្ទុះអាការៈ កាយវិការ និងសម្លេងដូចជាសត្វឆ្មា យំ

បន្ទាយមានជ័យ៖ យុវតីម្នាក់សង្ស័យមកពីឆ្មាខាំទើបមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយុវតីម្នាក់រស់នៅក្នុងភូមិគាបលើ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានផ្ទុះអាការៈកាយវិការ និងសម្លេងដូចជាសត្វឆ្មា ដេញខាំគេឯង រហូតដល់ថ្នាក់គ្រូពេទ្យមិនហ៊ានទទួលព្យាបាលត្រូវាបានអាណាព្យាបាលអំពាវនាវរកជំនួយជួយ ព្យាលបាលខណៈរូបនាងកំពុងរៀនថ្នាក់ទី១២។

ស្រ្តីឈ្មោះ អូន ជ្រាប អាយុ៤០ឆ្នាំ ត្រូវជាម្តាយរបស់យុវតីខាងលើ បានឲ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា យុវតីរងគ្រោះឈ្មោះ សៅ វណ្ណារី អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សាថ្មីនេះ ហើយត្រូវបានសត្វឆ្មាខាំជើងខាងឆ្វេងបណ្តាលឲ្យហូរឈាម ក្នុងអំឡុងពេល២ខែកន្លងមកនេះ។

រហូត នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កូនស្រីរបស់គាត់បានទៅហូបចុកក្នុងកម្មវិធីខួបកំណើតមិត្តភក្តិ ហើយក៏ផ្ទុះអាការៈដូចសត្វឆ្មា និងត្រូវឪពុកម្តាយមិត្តភក្តិដឹកមកផ្ទះ។ ឃើញសភាពកូនធ្ងន់ធ្ងរខ្លាំង អ្នកភូមិផងបានបញ្ជូនទៅមន្ទីពេទ្យ២កន្លែង តែពេទ្យមិនទទួលក្រោយសួរនាំ និងឃើញអាការៈដូចឆ្មាឆ្ងួតដូច្នេះ ក៏សម្រេចចិត្តនាំត្រឡប់មកឲ្យគ្រូខ្មែរក្នុងភូមិមើលវិញ រហូតបានដេកលក់លុះព្រឹកឡើង ក៏អាការៈដូចធម្មតាដូចដើមវិញ។

ស្ត្រីខាងលើញ្ជាក់ថា បច្ចុប្បន្នខ្លួនមានមុខរបរដេរខោអាវរយបន្តិចបន្តួចនៅផ្ទះ និងមានប្តីឈ្មោះ សួង សើម អាយុ៤០ឆ្នាំ ជាកម្មករសំណង់ មានកូន៤នាក់ រក១ថ្ងៃដើម្បីតែរស់មួយថ្ងៃ គ្មានលទ្ធភាពបញ្ជូនកូនស្រី ទៅពិនិត្យ ឬព្យាបាលនោះទេ។

ពាក់ព័ន្ធករណីនេះលោកវិជ្ជេបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅពេលមាននណាម្នាក់ត្រូវឆ្កែ រឺឆ្មាខាំ ត្រូវប្រញាប់នាំទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់ មិនអាចទុកលើសពី១សប្តាហ៍បានឡើយ និងត្រូវតាមដានសកម្មភាពឆ្កែ រឺឆ្មានោះ បើសិនជាវាអត់មានបែកពពោះមាត់ រឺឆ្កួតទេ នោះមនុស្សដែលត្រូវវាខាំ ក៍មិនមានបញ្ហាដែរ។

ដោយឡែក ក្នុងករណីត្រូវឆ្កែ រឺឆ្មាខាំហើយ មិនបានចាក់វ៉ាក់សាំងការពារឲ្យបានត្រឹមត្រូវនោះទេ ហើយអ្នកដែលសត្វទាំងនោះខាំមានអាការៈ បែកពពោះមាត់ រកខាំគេឯងនិង ក្លាចទឹក ក្លាចខ្យល់ ក្លាចពន្លឺថ្ងៃ នោះបញ្ចាក់ថា ពិតជាឆ្លងមេរោគឆ្កែ រឺឆ្មាឆ្ងួត ជាក់ជាមិនខាន ដោយគ្មានគ្រូពេទ្យណាអាចសង្គ្រោះបានឡើយ៕ដោយ លោកមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *