គ្រឿងញៀនជិត៤០គីឡូក្រាម ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់

ភ្នំពេញ ៖ នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀនជិត៤០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យបានហើយ កម្លាំងសមត្ថកិច្ចបានឆែកឆេរបន្ទប់នេះភ្លាមៗដែរតាមដីកាបង្គាប់និងមានការចូលរួមដោយផ្ទាល់ពីលោក(ប្លង់ សុផល) ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុប្រហែល៤០ឆ្នាំ ហើយសមត្ថកិច្ចរកឃើញវត្ថុតាងជាច្រើន រួមមានវត្ថុច្រកក្នុងកញ្ចប់តែសញ្ញាលេខ៨៨៨ពណ៌ត្រួយចេកខ្ចី សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៣៧ដុំ។
វត្ថុតាងច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែ សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន១០ដុំ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៨ថង់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទិកក្រោយរំលែកគ្រឿងញៀន១គ្រឿង និងឧបករណ៍សម្រាប់រំលែកគ្រឿងញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចនាំយកមកសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *